Hattha top Banner

សម្តេចធិបតីៈ កម្ពុជាទទួលបានគំរោងវិនិយោគមានទុនជិត៤០០០លានដុល្លារក្នងរយៈពេល៨ខែចុងក្រោយ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា នៅរយៈពេល ៨ខែចុងក្រោយនេះ រាប់ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន១៧២គម្រោង គិតជាទុនវិនិយោគមានជិត ៤ពាន់លានដុល្លារ ដែលអាចបង្កើតការងារ១៩ម៉ឺនកន្លែង។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែង ពីការហួសចិត្ត ចំពោះអ្នកដែលចាំតែរិះគន់សកម្មភាពនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញអ្នកវិនិយោគមកកម្ពុជា បើទោះបីជាចេញរបាយការណ៍ ជាលទ្ធផល ក៏ពួកគេមើលមិនឃើញឡើយ។

ការថ្លែងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញ ជាអធិ​បតី​ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជី​វៈ។សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា “ឲ្យតែយើងនិយាយរឿងទាក់ម៉ូយ មានអ្នកចេញមកហើយ។ គេថាយើងអួត ទាក់ខ្យល់ ទាក់មិនឃើញនរណាមកសោះ អីចឹងរវាងអ្នកថា ហើយអ្នកធ្វើ”។សម្តេចបន្ថែមថា “អ្នកធ្វើទៅដើរកៀរគរ គេថាអួតណាស់ និយាយតែខ្យល់ មិនឃើញមនុស្សមក ដល់ពេលមានវិស័យឯកជន ក្រុមហ៊ុនមកពីអឺរ៉ុប អាមេរិក ជាបណ្តាញ ដើម្បីមកសិក្សាបន្ថែម គេថាមកពីក្រុមហ៊ុនចិន”។

លោកហេង សួរ និយាយពីការបង្កើតការងារ គេថា រាប់ទាំងអ្នកសុំទាន ដល់ពេលCDC (ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) យើងប្រាប់ថាក្នុង៨ខែ [ខែសីហា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤] យើងមានគម្រោងបង្កើតថ្មីចំនួន១៧២គម្រោង គិតជាទុនវិនិយោគ៣.៨៦ពាន់លានដុល្លារ នេះមិនមែនខ្យល់ទេ។ ១៧២គម្រោង ទាំងគម្រោងវិនិយោគក្នុងស្រុក និងគម្រោងមកពី១០ប្រទេសផ្សេងទៀត។

សម្តេចធិបតីបានបន្តថា សូម្បីតែនៅក្នុងខែមករា ឆ្នាំ២០២៤ គម្រោងដែលត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​មានចំនួន៣២គម្រោង គិតជាទុនវិនិយោគជិត២០០លានដុល្លារ។ ចំពោះគម្រោងវិនិយោគក្នុងខែមករានេះ អ្នកដែលចាំតែថា បែរជាថាគម្រោងទឹកភ្នែកទៅវិញ ទប់អ្នកចាំថាមិនជាប់ទេ។

ពេញមួយឆ្នាំ២០២៣ កម្ពុជាអនុម័តគម្រោងវិនិយោគ ​បានសរុបចំនួន២៦៨ ដែលមានទុនវិនិយោគសរុប ប្រមាណ៥ពាន់លានដុល្លារអាមេរិក។

ក្នុងឆ្នាំ២០២៣ គម្រោងវិនិយោគភាគច្រើន មានទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ ហើយគម្រោងវិនិយោគមួយចំនួនទៀត បានប្រមូលផ្តុំនៅរាជធានីភ្នំពេញ និងខេត្តជុំវិញរាជធានីភ្នំពេញ គឺខេត្តកណ្តាល និងខេត្តតាកែវ និងនៅតាមបណ្តាខេត្ត ដែលមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស គឺខេត្តស្វាយរៀង និងខេត្តព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here