Hattha top Banner

អង់គ្លេសគាំទ្រការបង្កើតតំបន់សេដ្ឋកិច្ចបៃតងនៅខេត្តកោះកុងជាមួយផែនការវិនិយោគរាប់រយលានដុល្លារ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ឯកអគ្គរាជទូតអង់​គ្លេស​ បាន​ស្នើ​សុំ​សហ​ការ​ពី​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា​ ក្នុង​ការ​រៀបចំ​បង្កើត​តំបន់​សេដ្ឋ​កិច្ច​ពិសេស​បៃតង​ «Green Spe​cia​l Economic Zone»​ នៅ​ក្នុង​ខេត្ត​កោះកុ​ង​ ប្រទេស​កម្ពុជា។

សំណើ​របស់​លោក ​Dominic Williams MBE ឯក​អគ្គរាជ​ទូត​អង់​គ្លេស​ប្រចាំ​កម្ពុជា ​បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​​ការ​ងារ​ជា​មួយ​ លោក​ឧប​នាយក​រដ្ឋមន្ត្រីស៊ុន ចាន់​ថុល ​អនុ​ប្រធាន​ទី​១ ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា​ កាលពី​ថ្ងៃទី​៥​ ខែកុម្ភៈ ​ឆ្នាំ​២០២៤​ នៅ​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា ​នៅ​រាជ​ធានី​ភ្នំពេញ​។

ក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​នេះ ​ភាគី​ទាំង​២ ​បាន​ពិភាក្សា​លើ​ប្រធា ន​បទ​សំខាន់ៗ ​រួមមា​ន កិច្ច​ការងា​រ​វិនិ​យោគ​ លើ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ក្នុង​ប្រទេស​កម្ពុជា ​ការ​គាំទ្រ​ឱ្យមាន​រៀបចំ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​បៃតង​​នៅ​កម្ពុជា ​និង​កា​ររៀបចំ​កម្មវិធី​អភិ​វឌ្ឍន៍​លើ​វិស័យ​នានា ​ដើម្បី​ជំរុញ​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​២​។ នេះ​បើ​យោង​តាម​ហ្វេស​ប៊ុក​របស់​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា​។

លោក ​Dominic Williams MBE តាម​រយៈ​ជំនួប​នេះ​បាន​បង្ហា​ញ​សុទិដ្ឋិ​និយម​គាំទ្រ​កម្ពុជា ​លើ​ការ​រៀប​ចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាតិ ក៏​ដូច​ជា ​ជំរុញ​ឱ្យ​មាន​កម្មវិធី​អភិ​វឌ្ឍន៍ ​លើ​វិស័យ​នានា​មាន​ជាអាទិ៍​ លើ​វិស័យ​អប់រំ​ ដែល​ផ្ដោត​លើ​ការ​អប់រំ​ក្មេង​ស្រី ​សេដ្ឋកិច្ច សុខាភិ​បាល​ សន្តិ​សុខ​ និង​សុវត្ថិ​ភាព​ ពិសេស​អង់​គ្លេស​ នឹង​សហ​ការ​ជាមួយ​កម្ពុជា​ក្នុង​ការ​រៀបចំ​បង្កើត​ ឱ្យមាន​តំបន់​សេដ្ឋ​កិច្ច​ពិសេស​បៃតង ​សំដៅ​គាំទ្រ​ការ​ការ​ពារ​បរិ​ស្ថាន​ ដើម្បី​សម្រេច​បាន​ការ​អភិ​វឌ្ឍ ​ប្រកប​ដោយ​និរន្តរ​ភាព​។

​​លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចា​ន់ថុល បាន​បង្ហាញ​ការ​ស្វា​គមន៍ ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​គោល​បំណង​របស់​អង់​គ្លេស​ ក្នុង​ការ​ស្នើសុំ​សហកា​រ​រៀបចំ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​បៃតង​ នៅក្នុ​ង​ប្រទេស​កម្ពុជា​ ដើម្បី​ជា​ការ​រួម​ចំណែក​ក្នុង​ការ​ការ​ពារ​បរិ​ស្ថាន​ពិភព​លោក​។

​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៣ ​កន្លង​ទៅ ​ក្រុម​ប្រឹក្សា​អភិវ​ឌ្ឍន៍​កម្ពុជា ​(CDC) និង​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ (MEF)​ អាជ្ញា​ធរ​ខេត្ត​កោះកុ​ង និង​តំណាង​ទូត​ចក្រ​ភព​អង់​គ្លេស បាន​ពិភាក្សា​គ្នាពី​គម្រោង​អភិ​វឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​បៃតង (GSEZ) នៅ​ខេត្ត​កោះ​កុង ​ដែល​មាន​តម្លៃ​ទឹ​កប្រាក់ ​ចន្លោះ​ពី​៤០០  ទៅ៨០០​លាន​ដុល្លារ​ ហើយ​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ក្នុង​ឆ្នាំ​២០២៤នេះ​។​

គម្រោង​នេះមាន​បំណង​បង្កើត ​មជ្ឈ​មណ្ឌល​សម្រាប់​ផលិត​ការ​នាំចេញ ​ដែល​មិន​ប៉ះ​ពាល់​ដល់​បរិស្ថាន​ និង​ទាក់​ទាញ​ការ​វិនិយោគ​ពី​បរទេស​យ៉ាង​ច្រើន​។

​ម្យ៉ាង​វិញ​ទៀត គម្រោង​នេះ​រំពឹងថា ​​នឹង​ប្រែ​ក្លាយ​ខេត្ត​កោះកុង​ទៅជា​មជ្ឈ​មណ្ឌល​ សម្រាប់​ឧស្សា​ហកម្ម​បៃតង ដោយ​ផ្តោត​លើ​ថាម​ពល​កកើត​ឡើង​វិញ ​ការ​គ្រប់​គ្រង​សំណល់ ​ប្រកប​ដោយ​និរន្តរ​ភាព និង​ការអ​នុវត្ត​ ប្រកប​ដោយ​ការ​គិត​គូរ​ពី​បរិស្ថាន ​នៅ​ក្នុង​វិស័យ​សំខាន់ៗ​ដូច​ជា ​រថ​យន្ត ​អេឡិច​ត្រូ​និក និង​វាយ​ន​ភណ្ឌ​ជា​ដើម​។

លោកបណ្ឌិត​ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋកិ​ច្ច​នៃ​រាជ​បណ្ឌិត្យ​សភាក​ម្ពុជា​ បាន​លើកឡើ​ងថា ​កា​រផ្តោត​ជា​យុទ្ធ​សាស្ត្រ​នេះ ​គឺ​ស្រប​តាម​តម្រូវ​ការ​ពិភព​លោក​ ដែល​កំពុង​កើន​ឡើង​ សម្រាប់​ផលិត​ផល​ប្រកប​ដោយ​និរន្តរ​ភាព ​ក៏ដូច​ជា ​តួនាទី​របស់​ប្រទេស​កម្ពុជា ​ក្នុង​ការ​ទាញ​យក​ឱកាស​ថ្មីៗ ​នៅ​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់​ផ្គង់​ពិភព​លោក​។​

លោក​បានបញ្ជាក់ថា “​ខ្ញុំ​យល់​ថា ​លើសពី​​អត្ថ​ប្រយោជន៍​បរិស្ថាន ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​នេះ ក៏​នឹង​ដើរតួ​ជា​កាតា​លីករ​សម្រាប់​ការ​ធ្វើ​ពិពិធ​កម្ម និង​កំណើន​សេដ្ឋ​កិច្ច​”។ លោកបន្ថែមថា “បើ​តាម​ដឹង គ​ម្រោង​នេះ​ បង្កើត​ឱកាស​ការ​ងារ​សំខាន់ៗ​យ៉ាង​ច្រើន​ សម្រាប់​ពល​រដ្ឋ​យើង ដែល​អាច​នឹង​រួម​ចំណែក​ដល់​ការ​បង្កើន​ប្រាក់​ចំណូល​ជាតិ​”។

លោក ហុង វណ្ណៈ​ បន្ត​ទៀត​ថា ទីតាំង​យុទ្ធ​សាស្ត្រ​នៃ​ខេត្ត​កោះកុ​ង ជាប់​ព្រំដែន​ប្រទេស​ថៃ ​តាម​រយៈ​ផ្លូវ​សមុទ្រ​ទៅ​កាន់​ឈូង​សមុទ្រ​ថៃ​ វា​នឹង​ជំរុញ​នូវ​ការ​វិនិយោគ​ផ្ទាល់ ​បន្ថែម​ទៀត​នៅក្នុ​ង​ខេត្ត​។ ការអភិ​វឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស ​គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​សម្រាប់​ទាក់​ទាញ​អ្នក​វិនិ​យោគ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​។

លោកបន្ត​ថា ​នីតិ​វិធី​នាំចេញ​-​នាំ​ចូល​ដ៏​សា​មញ្ញ​ និង​អត្ថ​ប្រយោ​ជន៍​ពន្ធ​ ដែល​ផ្តល់​ជូន​នៅក្នុង​តំបន់​ទាំង​នេះ ​នឹងធ្វើ​ឱ្យ​ពួក​គេ​មាន​ភាព​ទាក់​ទាញ​ជា​ពិសេស​សម្រាប់​អាជីវ​កម្ម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here