ដោយ: គង់ លាងហួរ
អន្តរជាតិ: ថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសចរណ៍នានា បានព្រមានថា ក្រុមហ៊ុន Boeing អស់ពេលវេលាហើយ ក្នុងការស្តារកេរ្តិ៍ឈ្មោះរបស់ខ្លួនឡើងវិញ បន្ទាប់ពីក្រុមហ៊ុននេះ ធ្វើឱ្យមានកំហុសឆ្គងផ្នែកសុវត្ថិភាព និងការផលិតយន្តហោះជាបន្តបន្ទាប់។
ថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Financial Times លោក Tim Clark ប្រធានក្រុមហ៊ុនអាកាសចរណ៍ Emirates បានលើកឡើងថា លោកមើលឃើញការធ្លាក់ចុះ ជាលំដាប់នៃស្តង់ដាររបស់ក្រុមហ៊ុន Boeing។
លោកបានទម្លាក់កំហុសនេះ លើការបោះជំហានខុសរយៈពេលវែងក្នុងការគ្រប់គ្រង និងអភិបាលកិច្ចរបស់ក្រុមហ៊ុន Boeing ដូចជាការផ្តល់អាទិភាព ដល់ប្រាក់ចំណេញខ្ពស់ ជាងឧត្តមភាពផ្នែកវិស្វកម្ម។
-->
បន្ទាប់ពីមានករណីយន្តហោះ Boeing 737 Max 9 មួយគ្រឿង បានរបើកទ្វារ និងផ្ទុះដាច់បង្អួចពេលកំពុងហោះលើមេឃ កាលពីដើមខែមករា រួចមក ក្រុមហ៊ុនផលិតយន្តហោះ របស់អាមេរិកមួយនេះ បានរងការរិះគន់ពីគ្រប់ទិសទី និងត្រូវបញ្ឈរជើងយន្តហោះប្រភេទ737 Max 9។
នៅក្នុងបទសម្ភាសន៍ ជាមួយស្ថានីយទូរទស្សន៍ CNBC កាលពីខែមុន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន United Airlines គឺលោក Scott Kirby បានថ្លែងថា “ខ្ញុំគិតថាការបញ្ឈរជើងយន្តហោះ Max 9 ប្រហែលជារឿងរ៉ាវស៊យចុងក្រោយ ដែលបានកើតឡើង បន្ទាប់ពីរឿងរ៉ាវអាក្រក់ៗជាច្រើន បានកើតឡើងហូរហែបន្តបន្ទាប់គ្នា សម្រាប់ពួកយើង”។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines រូបនេះបានបន្ថែមថា យើងនឹងបង្កើតផែនការមួយ ដែលមិនមានបញ្ចូលយន្តហោះ Max 10 នៅក្នុងនោះទេ។ Max 10 សំដៅលើយន្តហោះម៉ូដែល737 ថ្មីរបស់ក្រុមហ៊ុនBoeing ដែលមានទំហំធំជាងមុន។
ចំណែកឯ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន អាកាសចរណ៍អាមេរិក American Airlines និងក្រុមហ៊ុន Alaska Airlines ក៏បាននាំគ្នាសម្តែងការខកចិត្តរបស់ពួកគេ ចំពោះកំហុសបច្ចេកទេសរបស់ក្រុមហ៊ុនBoeingផងដែរ៕ប្រភព៖CNN៕