Hattha top Banner

ខេត្តកំពតត្រៀមបង្កើនផលិតផលទេសចរណ៍ថ្មីៗចំនួនពីរទៀត នាពេលខាងមុខ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អភិបាលនៃគណៈអភិបាលខេត្តកំពត លោកម៉ៅ ធនិនបាន និងកំពុងគ្រោងបង្កើតឆ្នេរខ្សាច់កម្សាន្ត២កន្លែងបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។

       ឆ្នេរខ្សាច់ ដែលគ្រោងបង្កើតរូមមានទី១ ឆ្នេរខ្សាច់ចន្លោះស្ពានចាស់និងស្ពាន់ថ្មី និងទី២ឆ្នេរខ្សាច់ចន្លោះស្ពានថ្មី និងស្ពានរថភ្លើង ដោយមានការក្រាលការ៉ូម៉ាប តាមសួនច្បារដងព្រែកកំពង់បាយ កសាងរូបសេះសមុទ្រ បាញ់ទឹកខាងមុខសាលាខេត្តចាស់ កែសម្រួលទីលានកីឡា លើទឹកមកជាសួនច្បារ រៀបចំសណ្តាប់ធ្នាប់សំណង់នៅតាមមាត់បណ្តោយព្រែកត្រើយខាងលិច ដើម្បីបង្កើតផ្លូវនិងសួនច្បារសាធារណៈនៅទល់មុខវត្តត្រើយកោះជាដើម។

លោកអភិបាលខេត្តកំពត បានដឹកនាំមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យនិងសិក្សា គម្រោងកែលម្អសោភ័ណភាពសួនច្បារ ដងព្រែកកំពង់បាយ ស្ថិតនៅសង្កាត់កំពង់កណ្ដាល ក្រុងកំពត នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងមកនេះ។

លោកម៉ៅ ធនិនបានលើកឡើងថា សម្រាប់ដំណើរចុះពិនិត្យនាពេលនេះ រដ្ឋបាលខេត្តកំពតនឹងដាក់ឱ្យអនុវត្តន៍ គម្រោងកែលម្អសោភ័ណភាពបន្ថែមទៀត គឺពង្រីកសួនច្បារត្រង់ចំណុចកីឡាលើទឹក (បរិវេណហាត់ប្រាណ) ឱ្យកាន់តែធំទូលាយ ដើម្បីឱ្យព្រែកកំពង់បាយមានរាងរៅស្អាត ហើយឆ្នេរខាងលិចព្រែកទល់មុខគ្នា ក៏ត្រូវរៀបចំឈូសឆាយដីព្រៃ កុំឱ្យបាំងទេសភាពព្រែក និងស្ពានត្រើយកោះ ពេលធ្វើរួចត្រូវបំពាក់ភ្លើង និងមានចងទង់ជាតិ ទង់ជ្វាលាផងដែរ។

លោកបានបញ្ជាក់ថា “ឥឡូវសួនមាត់ព្រែក ក្នុងក្រុងកំពតស្អាត ប៉ុន្តែនៅពេលដែលគម្រោងកែលម្អ ដែលបានរៀបរាប់ខាងលើធ្វើចប់ ក្រុងកំពត នឹងផ្លាស់ប្តូរមុខមាត់ថ្មី ស្អាតហើយទាក់ទាញបំផុត គឺពិតជាស័ក្តិសម ជាក្រុងទទួលបានពានរង្វាន់ ទីក្រុងទេសចរណ៍ស្អាតអាស៊ាន”។

ក្រៅពីនេះ លោកអភិបាលខេត្ត ក៏បានលើកឡើងអំពីគម្រោងបង្កើតឆ្នេរខ្សាច់កម្សាន្តមាត់សមុទ្រ និងគម្រោងស្ថាបនាស្ពានឆ្លងព្រែកកំពង់បាយមួយបន្ថែមទៀតផងដែរ ដើម្បីបញ្ចៀសការកក់ស្ទះចរាចរណ៍។

លោកអភិបាលខេត្ត បានស្នើដល់ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត សូមចូលរួមសហការផ្តល់មតិយោបល់ និងឯកភាពសម្រេចលើគម្រោងនីមួយៗរបស់រដ្ឋបាលខេត្ត ក្នុងគោលបំណងរក្សានិងបង្កើតផលប្រយោជន៍រួម៕

LEAVE A REPLY

Please enter your comment!
Please enter your name here