Hattha top Banner

អ្នកជំនាញជើងចាស់លើកឡើងបែបណាទាក់ទងស្ថានភាពអចលនទ្រព្យឆ្នាំនេះ ខណៈសញ្ញាវិជ្ជមានចាប់ផ្តើមបណ្តើរៗ

0

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យជើង​ចាស់ និងជាអ្នកអភិវឌ្ឍន៍បុរីធំមួយបានសម្តែងសុទិដ្ឋិនិយមថា វិស័យអចលនទ្រព្យឆ្នាំនេះ នឹងល្អជាងឆ្នាំ២០២៣។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង បានមានប្រសាសន៍ឲ្យដឹងថា វិស័យអចលនទ្រព្យឆ្នាំនេះ អាចនឹងល្អជាងឆ្នាំ២០២៣ ដោយសារតែកត្ដាមួយចំនួន ជាពិសេសអត្រាការប្រាក់ពីធនាគារនៅឆ្នាំនេះ ធ្លាក់ជាងឆ្នាំ២០២៣។

លោកបញ្ជាក់ថា “ខ្ញុំអាចមើលឃើញថា ក្នុងរយៈពេលមួយខែដំបូងនៃឆ្នាំ២០២៤នេះ សកម្មភាពដែលយើងមិនសូវដំណើរការ នៅក្នុងឆមាសចុងក្រោយនៃឆ្នាំ២០២៣ គឺឥឡូវនេះ មានភាពល្អប្រសើរជាងមុន”។ក្នុងស្ថានភាពបែបនេះ តើអ្នកវិនិយោគគួរខ្ចីលុយធនាគារសម្រា​ប់វិនិយោគដែរឬទេ? លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានពន្យល់ថា ៗការខ្ចីលុយធនាគារទៅទិញផ្ទះ ឬដី នៅតែផ្ដល់ផលចំណេញ គ្រាន់តែថា ចំណេញនេះ ត្រូវប្រើប្រាស់ពេលវេលា​ ដើម្បីទទួលបានផល”។

លោកបន្តថា ការកម្ចីប្រាក់ពីធនាគារ ដើម្បីទិញអចលនទ្រព្យ គឺតម្រូវឲ្យអ្នកទិញគិតជាមុនសិនថា តើអចលនទ្រព្យនោះល្អ គួរតែទិញយកឬទេ? ដូច្នេះប្រសិនជាយើងមានផ្ទះនៅហើយ ប៉ុន្ដែឃើញគេដីមួយកន្លែង ដែលត្រូវបានដាក់លក់ ត្រូវដឹងជាមុនសិនថា តើយើងមានលទ្ធិភាពគ្រប់គ្រាន់ ក្នុងការកម្ចីទិញដីនេះឬទេ? ព្រោះការទិញដីទុកលក់ចំណេញនៅតែវិធីមួយដ៏ល្អ។

លោកបណ្ឌិតរូបនេះបានបញ្ជាក់ថា “ដូច្នេះពេលវេលាមិនសំខា​ន់ទេ អ្វីសំខាន់លើបុគ្គលខ្លួនឯង។ ប្រសិនបើបុគ្គលនេះ មានប្រាក់ចំណូល មានផ្ទះនៅ ហើយកំពុងសម្លឹងឃើញភាពចំណេញ នៃការទិញដីធ្លី និងអាចមានលទ្ធភាព ក្នុងការបង់សងត្រឡប់ទៅធនាគារ ដូច្នេះគួរតែទិញទុក លក់រកប្រាក់ចំណេញ”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា ការខ្ចីលុយធនាគារទៅទិញផ្ទះ ឬដីទុកលក់នៅតែផ្ដល់ផលចំណេញ គ្រាន់តែថា ការចំណេញនេះ ត្រូវការពេលវេលា ដោយមិនទទួលបានលុយភ្លាមៗនោះទេ ដូច្នេះនៅពេលដែលសេដ្ឋកិច្ចឡើង ដីធ្លីនឹងកើនឡើងស្របគ្នាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here