ដោយ: គង់ លាងហួរ
ហាណូយ: រដ្ឋាភិបាលវៀតណាម បានស្នើទៅកាន់ក្រសួងដឹកជញ្ជូន និងក្រសួងការបរទេសរបស់ខ្លួនឲ្យទិញខ្សាច់ និងគ្រួសពីកម្ពុជា សម្រាប់ផ្គត់ផ្គង់ដល់ការងារសាងសង់ គម្រោងផ្លូវល្បឿនលឿន។
យោងតាមដំណោះស្រាយពីកិច្ចប្រជុំរដ្ឋាភិបាល បានឱ្យដឹងថា ក្រសួងដឹកជញ្ជូនវៀតណាម ត្រូវទទួលបន្ទុកដោះស្រាយបញ្ហាប្រឈ មទាក់ទងនឹងការប្រើប្រាស់ និងការផ្គត់ផ្គង់សម្ភារៈសំណង់ ព្រមទាំងគាំទ្រដល់អ្នកវិនិយោគ និងអ្នកម៉ៅការ ដើម្បីពន្លឿនការសាងសង់។
ជាមួយគ្នានេះ ក្រសួងដឹកជញ្ជូន នឹងត្រូវដាក់ចេញការកំណត់តម្លៃ(Pricing) លក្ខណៈវិនិច្ឆ័យ និងស្តង់ដារ ទាក់ទងនឹងការប្រើប្រា ស់ខ្សាច់សមុទ្រជាសម្ភារៈសំណង់។កាលពីខែតុលា ឆ្នាំ២០២៣កន្លងទៅ ក្រុមហ៊ុនវៀតណាម TNT Group បានស្នើទៅកាន់នាយករដ្ឋមន្ត្រីរបស់ខ្លួន ដើម្បីនាំចូលខ្សាច់ពីកម្ពុជា សម្រាប់សាងសង់គម្រោងផ្លូវល្បឿនលឿន នៅតំបន់ដីសណ្តទន្លេមេគង្គ។
ក្រុមហ៊ុន TNT Group បានគូសបញ្ជាក់ទៀតថា កម្ពុជាបានអនុម័តឱ្យក្រុមហ៊ុនរបស់ខ្លួន ប្រមូលបូមខ្សាច់ពីផ្នែកមួយ នៃទន្លេមេគង្គ ដែលមានខ្សាច់រាប់រយលានម៉ែត្រគូប។ ហេតុនេះ ក្រុមហ៊ុនធានាថា ខ្លួន នឹងអាចបំពេញតម្រូវការសម្ភារៈសំណង់ ដើម្បីសាងសង់គម្រោងផ្លូវល្បឿនលឿន នៅតំបន់ដីសណ្ដទន្លេមេគង្គ គិតទាំងបរិមាណ គុណភាព និងការកំណត់តម្លៃ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន TNT បានស្នើឱ្យរដ្ឋាភិបាលវៀតណាម ដាក់បទបញ្ជាដល់អង្គភាពនានា ឱ្យប្រើប្រាស់ខ្សាច់នាំចូល សម្រាប់ចាក់បំពេញគម្រោង សាងសង់ផ្លូវល្បឿនលឿន នៅតំបន់ដីសណ្តទន្លេមេគង្គជាការសាកល្បង។
សំណើខាងលើត្រូវបានធ្វើឡើង ខណៈដែលគម្រោងផ្លូវល្បឿនលឿនមួយចំនួន នៅតំបន់ដីសណ្ដទន្លេមេគង្គ កំពុងប្រឈមមុខនឹងការខ្វះខាតខ្សាច់ ជាវត្ថុធាតុដើមសម្រាប់ចាក់បំពេញ។
លើសពីនេះ ក្រុមហ៊ុន TNT ក៏បានស្នើឱ្យមានការបង្កើតយន្តការកាន់តែប្រសើរឡើង ទាក់ទងនឹងនីតិវិធីរដ្ឋបាល និងប្រភពឥណទាន ដើម្បីអាចអនុញ្ញាត ឱ្យក្រុមហ៊ុនអាជីវកម្មអាចនាំចូលខ្សាច់ ក្នុងបរិមាណច្រើន៕ប្រភព៖Vnexpress៕