ដោយ: គង់ លាងហួរ
អន្តរជាតិ: សារពត៌មាន Bloomberg បានរាយការណ៍ថា ប្រទេសសិង្ហបុរី បានច្រានចោលការដេញថ្លៃទិញក្បាលដីរដ្ឋ ជាលើកដំបូងបង្អស់ ក្នុងរយៈពេលជាងមួយទសវត្សរ៍ ដោយបានវិនិច្ឆ័យថា ទំហំទឹកប្រាក់ នៃការដេញថ្លៃនោះមានតម្លៃទាបពេក។
យោងតាមសេចក្តីថ្លែងការណ៍មួយបានបង្ហាញឱ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈថា អាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) បានច្រាលចោលការដេញថ្លៃតែមួយគត់ ដែលមានតម្លៃ៥៧៣លានដុល្លារអាមេរិក។
-->
ការដេញថ្លៃនេះធ្វើឡើង ដោយសមាគមមួយ ដែលដឹកនាំដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុក ឈ្មោះ GuocoLand Ltd។ អាជ្ញាធរបានអះអាងថា ការដេញថ្លៃ ក្នុងទំហំទឹកប្រាក់៥៧៣លានដុល្លារនេះ គឺមានតម្លៃថោកពេក។
ក្បាលដី ដែលត្រូវបានដេញថ្លៃនោះ ស្ថិតនៅតំបន់ Marina Gardens Crescent ដែលជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្មកណ្តាល(CBD) ស្ថិតនៅក្បែរតំបន់ទាក់ទាញភ្ញៀវ ទេសចរណ៍ដ៏សំខាន់មួយ។
អាជ្ញាធរបានបញ្ជាក់ថា “ផ្អែកលើខ្នាតក្នុងមួយហ្វីតការ៉េ ទំហំទឹកប្រាក់នៃការដេញថ្លៃ ចំនួន៥៧៣លានដុល្លារនេះ គឺមានតម្លៃថោកជាងមុនជិត៣០% បើធៀបនឹងដីឡូតិ៍ផ្សេងទៀត នៅក្នុងតំបន់ដូចគ្នា ដែលបានលក់កាលពីឆ្នាំមុន”។
ទំហំទឹកប្រាក់នៃការដេញថ្លៃខាងលើបានបង្ហាញថា អ្នកអភិវឌ្ឍន៍កំពុងបង្កើនការប្រុងប្រយ័ត្ន ចំពោះទស្សនវិស័យលើទីផ្សារអចលនទ្រព្យនៅទីក្រុងសិង្ហបុរី ដែលបានបង្ហាញសញ្ញាពីការធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
លោក Nicholas Mak ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Mogul.sg លើកឡើងថា “ទំហំទឹកប្រាក់នៃការដេញថ្លៃខាងលើ កើតចេញពីការគិតបែបឱកាសនិយម និងទុទិដ្ឋិនិយមបន្តិចរបស់អ្នកអភិវឌ្ឍន៍ ដែលពួកគេយល់ថា តម្លៃអចលនទ្រព្យនឹងធ្លាក់ចុះ ប៉ុន្តែផ្ទុយទៅវិញ រដ្ឋាភិបាលមានទស្សនៈខុសពីនេះ ដោយយល់ថា តម្លៃអចលនទ្រព្យនឹងកើនឡើង”៕ប្រភព៖ Bloomberg៕