Hattha top Banner

សូចនាករបានបង្ហាញថាទីផ្សារអចលនទ្រព្យនៅប្រទេសចិន កំពុងកម្រើកឡើងវិញសន្សឹមៗ

0

ដោយ: គង់ លាងហួរ

ប៉េកាំង: ទីផ្សារអចលនទ្រព្យនៅប្រទេសចិន ហាក់កម្រើកឡើងវិញសន្សឹមៗ បន្ទាប់ពីតម្លៃផ្ទះ និងប្រាក់ចំណូលពីការលក់ដីរបស់រដ្ឋាភិបាល ត្រូវបានគេសង្កេតឃើញមានការកើនឡើង។

ការកម្រើកឡើងវិញបន្តិចនេះកើតឡើង បន្ទាប់ពីតុលាការក្រុងហុងកុង បានចេញសាលក្រមរំលាយក្រុមហ៊ុន Evergrande ដែលជាអ្នកអភិវឌ្ឍន៍លំនៅដ្ឋានធំបំផុត លំដាប់ទី២របស់ប្រទេសចិន។

យោងតាមការស្ទង់មតិ របស់ក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ China Index Academy ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា តម្លៃផ្ទះជាមធ្យម នៅទូទាំងទីក្រុងរបស់ប្រទេសចិន បានកើនឡើង ០,១៥ភាគរយ បើធៀបនឹងខែធ្នូ ដែលនេះជាកំណើនលឿនបំផុត គិតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២១។ជាមួយគ្នានេះ ប្រាក់ចំណូលដែលរដ្ឋាភិបាលចិន ទទួលបានពីការ​លក់​ដី​បានកើន​ឡើង១,៨ភាគរយ​ នៅក្នុងខែធ្នូ ឆ្នាំ២០២៣ ​បើធៀប​នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ​២០២២ ហើយនេះ​ជា​លើក​ដំបូង​ដែល​ការ​លក់​ដី​ បាន​កើន​ឡើង​ក្នុង​រយៈ​ពេល២៣ខែ។

បើទោះបីជាតួលេខកំណើនខាងលើ ហាក់មិនសូវមានអត្រាខ្ពស់យ៉ាងណាក្តី ប៉ុន្តែវាក៏បង្ហាញថា ការដាក់ចេញគោលនយោបាយរបស់រដ្ឋាភិបាលចិន បានចាប់ផ្តើមទទួលផ្លែផ្កាខ្លះផងដែរ។

រដ្ឋាភិបាលចិនកំពុងធ្វើការយ៉ាងសកម្ម ដើម្បីស្តារទីផ្សារអចលនទ្រព្យក្នុងស្រុកឡើងវិញ បន្ទាប់ពីដាំក្បាលចុះកាលពីដើមឆ្នាំ២០២២ ដែលបណ្តាលមកពីការសាងសង់ លំនៅដ្ឋានច្រើនលើសតម្រូវការ និងបញ្ហាខកខានសងបំណុល។

ដើម្បីទប់ទល់នឹងវិបត្តិនេះ អាជ្ញាធរចិនបានខិតខំដាក់ចេញយុទ្ធសាស្ត្រជំរុញការចំណាយរបស់អ្នកប្រើប្រាស់ និងការវិនិយោគ។ តួយ៉ាង កាលពីពេលថ្មីៗនេះ ប្រទេសចិនបានចាក់បញ្ចូលសាច់ប្រាក់ងាយស្រួលថ្មីទៅក្នុងទីផ្សារ តាមរយៈការកាត់បន្ថយតម្រូវការដើមទុនរបស់ធនាគារផងដែរ។

ទោះជាយ៉ាងនេះក្តី កាលពីពេលកន្លងទៅ តុលាការហុងកុងបានសម្រេចរំលាយក្រុមហ៊ុន Evergrande ដែលជាអ្នកអភិវឌ្ឍអចលនទ្រព្យធំទី២របស់ចិន ដោយជម្រះទ្រព្យសម្បត្តិទាំងអស់ មុនពេលក្ស័យធន ដើម្បីសងបំណុលចំនួន៣០០ពាន់លានដុល្លាររបស់ខ្លួន។

ក្រុមអ្នកជំនាញលើកឡើងថា ស្ថានភាពនេះកាន់តែស្មុគស្មាញ ខណៈចិន មិនទទួលស្គាល់សាលក្រមខាងលើឡើយ។ យោងតាមក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិក Fitch Ratings បានឱ្យដឹងថា ចិននឹងត្រូវការពេលវេលាយូរបន្ថែមទៀត ដើម្បីស្តារទំនុកចិត្តរបស់អ្នកទិញផ្ទះឡើងវិញ។

រដ្ឋាភិបាល​ចិន ​បាន​ដាក់ចេញ​បទប្បញ្ញត្តិ​ថ្មី​ជា​បន្តបន្ទាប់​ ដើម្បី​ជួយស្តារក្រុម​ហ៊ុនអចលនទ្រព្យ​ឯកជន។ ជាក់ស្តែង ទីក្រុងមួយចំនួន បានលុបចោល ការរឹតបន្តឹងលើការទិញផ្ទះ និងផ្តល់ប្រាក់កម្ចីចំនួន៤៦លានដុល្លារ ដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here