ដោយ: គង់ លាងហួរ
អន្តរជាតិ: ផូស៊ីលសត្វដាយណូស័រ ដែលត្រូវបានសន្មត់ថា មានអាយុកាលចំនួន១១០លានឆ្នាំ ត្រូវបានគេប្រទះឃើញ នៅក្នុងស្រុក Nam Phong ខេត្តខនកេន ភាគឦសាននៃប្រទេសថៃ។
យោងតាមសារពត៌មាន Bangkok Post បានចុះផ្សាយថា ផូស៊ីល ដែលគេទើបរកឃើញនេះ គឺជាផូស៊ីលរបស់សត្វដាយណូស័រប្រភេទ Sauropod និងសត្វដាយណូស័រប្រភេទ Spinosaurid។
ទន្ទឹមនឹងនេះ ក្រុមការងារដែលដឹកនាំដោយ លោកស្រី Sasa-On Khansubha អ្នកជំនាញខាងបុរាណវិទ្យាមកពីសារមន្ទីរ Sirindhorn Dinosaur និងមន្រ្តីមកពីការិយាល័យធនធានរ៉ែតំបន់២ នៃខេត្ត ខនកេន បានចាប់ផ្តើមធ្វើការ ស្រាវជ្រាវដំបូងនៅថ្ងៃទី៣១ ខែមករា បន្ទាប់ពីពលរដ្ឋថៃ ឈ្មោះ Chaowalit Boonchai បានបង្ហោះរូបភាពអំពីផូស៊ីលនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក និងថែមទាំងបានជូនដំណឹងដល់អាជ្ញាធរផងដែរ។លោកស្រី Sasa-On បានលើកឡើងថា ផូស៊ីលដែលមានអាយុកាលយ៉ាងតិច១០០លាន ទៅ១១០លានឆ្នាំមួយនេះ ត្រូវបានគេប្រទះឃើញនៅលើថ្មភក់ Khok Kruat។
យោងតាមការស្រាវជ្រាវបានបង្ហាញថា ផូស៊ីលទាំងនេះ រួមមាន ឆ្អឹងខ្នងរបស់សត្វដាយណូស័រ Sauropod ដែលរស់នៅក្នុងចុងសម័យ Triassic ដល់ចុងសម័យ Cretaceous និងធ្មេញរបស់ដាយណូស័រ Spinosaurid ដែលជាប្រភេទដាយណូស័រស៊ីត្រី រស់នៅក្នុងសម័យ Cretaceous។
របកគំហើញថ្មីនេះ ត្រូវបានចាត់ទុកជាកំណប់ទ្រព្យជាតិរបស់ប្រទេសថៃ ខណៈរបកគំហើញនេះ មិនត្រឹមតែបង្ហាញពីគំរូនៃការរស់នៅរបស់សត្វដាយណូស័រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណេះដឹង អំពីការបង្កើតលំហូរទឹកទន្លេរ នាសម័យបុរាណកាលផងដែរ៕