ដោយៈ ជេស៊ីកា
ភ្នំពេញៈ ព្រែកជីកហ្វូណនតេជោ ដែលគ្រោងជីកនៅចុងឆ្នាំនេះ នឹងផ្តល់ផលចំណេញ យ៉ាងសម្បើមដល់សេស្ឋកិច្ច និងសង្គមជាតិ។
យោងតាមឯកសារស្តីពី ការសិក្សាសមិទ្ឋិលទ្ឋភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ឋភស្តុភារកម្មទន្លេបាសាក់ របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា គំរោងព្រែកជីកហ្វូណនតេជោ នឹងបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍកំពង់ផែរណបថ្មីជាច្រើន ពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត និងចិញ្ចឹមសត្វ ជួយគាំទ្រប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា។
-->
ឯកសារដដែលបានបង្ហាញទៀតថា ព្រែកជីកនេះ នឹងបង្កើតការងារបន្ថែម នៅកំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វ័យតខេត្តព្រះសីហនុ និងកំពង់ផែផ្សេងទៀត ជម្រុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម ជម្រុញការរីកចម្រើនផ្នែកអចលនទ្រព្យ ផលប្រយោជន៍ផ្នែកវារីវប្បកម្ម ដោយទទួលបានទិន្នផលត្រី៤៥០តោនក្នុងមួយឆ្នាំ ផ្តល់ផលប្រយោជន៍លើវិស័យទេសចរណ៍ វិស័យឧស្សាហកម្មជាដើម។
លើសពីនេះ ព្រែកជីកហ្វូណនតេជោ ដែលមានចម្ងាយប្រមាណ១៨០គីឡូម៉ែត្រ និងគ្រោងចំណាយថវិកា១៧០០លានដុល្លារ នឹងផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច សង្គមដល់ប្រជាពលរដ្ឋចំនួន១,៦លាននាក់ផងដែរ។
ឯកសារដដែលបានឲ្យដឹងទៀតថា ព្រែកជីកនេះនឹងផ្តល់ផលចំណេញត្រលប់ផ្នែកសេដ្ឋកិច្ចខ្ពស់ ពិសេសនឹងផ្តល់ផលចំណេញក្នុងទំហំទឹកប្រាក់ចន្លោះពី៨៨ ទៅ៥៧០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំផងដែរ៕