ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញជើងចាស់ក្នុងវិស័យអចលនទ្រព្យ លោកស៊ា ឆៃលីនបានឲ្យដឹថថា ទោះបីស្ថានភាពទីផ្សារ មិនទាន់ពុះកញ្រ្ជោលក្តី ប៉ុន្តែសកម្មភាពទិញ លក់ ជួលក្នុងវិស័យនេះបានចាប់ផ្តើមងើបឡើងវិញ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៣ រហូតមកទល់ពេលនេះ។
អគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ា រៀលធី លោកស៊ា ឆៃលីនបានបង្ហើបឲ្យដឹងកាលពីដើមសប្តាហ៍នេះថា តាមរយៈសកម្មភាពដែលក្រុមហ៊ុនរបស់យើងទទួលបាន គឺយើងឃើញមានសញ្ញាវិជ្ជមានច្រើន នៅក្នុងទីផ្សារទិញ លក់ ជួលអចលនទ្រព្យបានកើនឡើង។
លោកបន្តថា តាមរយៈការជួបជុំ ក្នុងកម្មវិធីLand Matchingរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលមានថ្នាក់ដឹកនាំក្រុមហ៊ុនជាច្រើន ដែលមានបទពិសោធន៍ និងក្រមសីលធ៌មវិជ្ជាជីវៈជារៀងរាល់សប្តាហ៍ ហើយតាមរយៈការជួបជុំនេះ យើងទទួលបានសកម្មភាពនៃការទិញ លក់ជាហូរហែរក្នុងទីផ្សារនេះ។






