ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅក្នុងរយៈពេល២ខែដំបូង នៃឆ្នាំ២០២៤នេះ មហាសេដ្ឋីឥណ្ឌា លោកGautam Adani បានក្លាយជាបុគ្គលដែលរកចំណូ លបានច្រើនបំផុតទី២ នៅលើពិភពលោកលោក បន្ទាប់ពីស្ថាបនិកក្រុមហ៊ុន Meta លោក Mark Zuckerberg។
យោងតាមសារព័ត៌មាន Bloomberg បានចុះផ្សាយថា ក្នុងរយៈពេល២ខែនេះ ស្ថាបនិកបណ្តាញសង្គម Facebook លោក Mark Zuckerberg រកចំណូលបានជាង៤០ពាន់លានដុល្លារ ខណៈដែលមហាសេដ្ឋីឥណ្ឌា លោកAdani រកចំណូលបានជាង១៦ពាន់លានដុល្លារ។
-->
ការរកបានប្រាក់ចំណូល ដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានជំរុញឱ្យទ្រព្យសម្បត្តិសរុប របស់ម្ចាស់ក្រុមហ៊ុនAdani Group កើនឡើងដល់ទំហំទឹកប្រាក់ប្រមាណ១០១ពាន់លានដុល្លារ តាមពីក្រោយមហាសេដ្ឋីឥណ្ឌាម្នាក់ទៀតគឺ លោក Mukesh Ambani ត្រឹមតែ៧ពាន់លានដុល្លារប៉ុណ្ណោះ។
ទ្រព្យសម្បត្តិដ៏មហាសាលរបស់លោក Gautam Adani បានហក់ឡើង ដល់កម្រិត១០០ពាន់លានដុល្លារជាលើកដំបូង គិតចាប់តាំងពីក្រុមហ៊ុនស្រាវជ្រាវអាមេរិកដ៏តូចមួយ ឈ្មោះ Hindenburg បានចេញផ្សាយរបាយការណ៍ បង្អាប់កេរ្តិ៍ឈ្មោះរបស់លោក។
ក្រុមហ៊ុនស្រាវជ្រាវមួយនេះ ធ្លាប់បានចោទប្រកាន់ថា លោក Adani បានលួចបន្លំទិន្នន័យផ្សារហ៊ុន ដែលការណ៍នេះ បានធ្វើឱ្យក្រុមហ៊ុនរបស់លោក ខាតបង់ប្រាក់អស់មិនចេះតិច និងធ្វើឱ្យទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកដាំក្បាលចុះ អស់រាប់ពាន់លានដុល្លារកាលពីពេលមុន៕