ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់ជម្រុញការវិនិយោគ នៅខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំលើកទី១ មានគោលដៅសម្រួលនីតិវិធីអោយកាន់តែមានភាពសាមញ្ញ ងាយស្រួល និងកញ្ចប់សេវាពិសេសជូនវិនិយោគិន។
កិច្ចប្រជុំនេះបានធ្វើឡើង ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ ជំរុញការវិនិយោគខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលខេត្តព្រះសីហនុចំនួន២រូបផងដែរ។
លោកឡុង ឌីម៉ង់ និងលោកឯម ភាពអភិបាលរងខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំកិច្ច ដំណើរការរបស់ក្រុមការងារ និង និតីវិធី/បែបបទ ក្នុងការពិនិត្យការស្នើរបស់វិស័យឯកជនក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ។
កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងសម្រួលនីតិវិធីអោយមានភាពសាមញ្ញ ងាយស្រួល និងកញ្ចប់សេវាពិសេសជូនវិនិយោគិន ដែលមានបំណងមកវិនិយោគនៅខេត្តព្រះសីហនុ។
នេះជាកិច្ចប្រជុំលើកទី១ របស់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ។ សមាសភាពទាំងអស់ បានបង្ហាញពីការគាំទ្រ និងការចូលរួមយ៉ាងសកម្ម ក្នុងការសម្របសម្រួលបែបបទវិនិយោគ និងការផ្តល់សេវាពិសេស សម្រាប់សកម្មភាពធុរកិច្ច ក្នុងខេត្តព្រះសីហនុ។
ជាលទ្ធផល ដើម្បីពន្លឿនដល់ការដោះស្រាយ បញ្ហាវិនិយោគក្នុងខេត្តព្រះសីហនុ ក្រុមការងារបាននិងកំពុងរៀបចំទីតាំងការិយាល័យចំនួន២ ក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ដែលនឹងបំពេញមុខងារដូចការិយាល័យ ច្រកចេញចូលតែមួយ សម្រាប់វិស័យឯកជនដាក់សំណើ។






