ប្រទេសវៀតណាមគ្រោងបង្កើតទីក្រុងអេកូឡូស៊ីខ្នាតយក្សជាមួយទុនវិនិយោគជាង៣ពាន់លានដុល្លារ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ខេត្តឡុងអាន ប្រទេសវៀតណាម កំពុងស្វែងរកមូលនិធិឯកជនយ៉ាងតិចចំនួន១១,១ទ្រីលានដុង (ប្រហែល៤៥៧លានដុល្លារអាមេរិក) សម្រាប់សាងសង់គម្រោងទីក្រុងដ៏ធំមួយ តាមរយៈភាពជាដៃគូសាធារណៈ និងឯកជន (PPP)។

គម្រោងតំបន់ទីក្រុងអេកូឡូស៊ី Tân Mỹ នឹងគ្របដណ្តប់លើផ្ទៃដីជាង៩៣០ហិកតា និងមានប្រជាជនរស់នៅចំនួន៨១.០០០នាក់។ នេះបើយោងតាមការបញ្ជាក់ពីមន្ទីរផែនការ និងវិនិយោគខេត្តឡុងអាន។

គម្រោងមួយនេះ គ្រោងនឹងចំណាយថវិកាជាង៣ពាន់លានដុល្លារអាមេរិក។ ការអភិវឌ្ឍ​ន៍នៅក្នុងគម្រោងនេះ រួម​មាន​ អាផាតម៉ិនប្រហែល៧.៣០០យូនីត ផ្ទះ​Townhouse និង​វីឡា​ជាង១៣.០០០យូនីត និង​លំនៅដ្ឋានសម្រាប់អ្នកមាន ប្រាក់ចំណូលទាបចំនួន៧.០០០យូនីត។គម្រោងតំបន់ទីក្រុងអេកូឡូស៊ី Tân Mỹ ត្រូវបានចែកចេញជា៣តំបន់។ ក្នុងនោះ តំបន់ A ឬ ZoneA មានទីតាំងនៅច្រកផ្លូវខាងត្បូង នឹងផ្តោតលើតំបន់ទីក្រុង ដែលមានដង់ស៊ីតេខ្ពស់ ហើយនឹងផ្តល់សេវាកម្មទំនើប និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សួនច្បារបៃតង និងតំបន់លំនៅដ្ឋាន។

តំបន់ B ឬ ZoneB ស្ថិតនៅតំបន់កណ្តាល នឹងផ្តោតលើគំរូទីក្រុងអេកូឡូស៊ី ដែលមានដង់ស៊ីតេទាប ដែលភាគច្រើនរួមមានដូចជា វីឡា និងផ្ទះតូចៗដែលលម្អដោយសួនច្បារ។

តំបន់ C ឬ ZoneC ដែល​មាន​ទីតាំង​នៅ​តំបន់ភាគ​អាគ្នេយ៍ នឹង​ក្លាយ​ជា​តំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់ ដោយសារ​តែតំបន់នេះមានទីតាំង​យុទ្ធសាស្ត្រ​​ នៅក្នុង​មជ្ឈមណ្ឌលសេដ្ឋកិច្ច​ ភាគ​ខាង​ត្បូង​របស់​ប្រទេ​សវៀតណាម។

ការអភិវឌ្ឍន៍ទីក្រុង និងអចលនទ្រព្យនៅក្នុងខេត្តឡុងអាន បានរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ព្រមទាំងបានទាក់ទាញ អ្នកវិនិយោគធំៗជាច្រើនផងដែរ។ តួយ៉ាង កាលពីឆ្នាំមុនខេត្តមួយនេះ បានទាក់ទាញគម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ជាង១.២០០គម្រោង ដែលមានទំហំទឹកប្រាក់ចំនួន១១ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here