ដោយៈ គង់ សូរិយា
ភ្នំពេញៈ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថាបានបង្ហើបថា អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) នឹងគ្រោងដាក់ឲ្យដំណើរការ នៅក្នុងចុងឆមាសទី១ ឆ្នាំ២០២៥ ខាងមុខ ខណៈនេះការសាងសង់សម្រេចបានជាង៦០ភាគរយហើយ។
ការបញ្ជាក់ឲ្យដឹងបែបនេះ កាលពីចុងសប្តាហ៍មុន ក្នុងឱកាសដែលចុះទស្សនកិច្ចវឌ្ឍនភាព នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ក្រោមការដឹកនាំរបស់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា លទ្ធផលការងារសាងសង់ដែលក្រុមហ៊ុនសម្រេចបាន (ដំណាក់កាលទី១) គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួន៦៤.១%នៃការងារសរុប ដោយចំណាយទឹកប្រាក់សរុបអស់ចំនួន៩៣២លានដុល្លារ។
លោកបានឲ្យដឹងទៀតថា ការកសាងសង់ផ្លូវតភ្ជាប់ពី មហាវិថីសម្តេច កាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋាន ដែលមានទទឹង៦០ម៉ែត្រ និងបណ្តោយប្រវែង១៣.៥គីឡូម៉ែត្រ ក៏សម្រេចបាន៨៥%ហើយ។
លោកស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមដំណើរការសាងសង់ នៅឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំឆ្នាំ២០២៤ (ដំណាក់កាលទី១) (យោងលើកម្មវិធីការងារមេ Updated Master Schedule) ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយដោយ CAIC/Cambodia Airport Investment Co.,Ltd ) បើគ្មានអ្វីប្រែប្រួលទេនោះ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះខ្នាតយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី៕