ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងពីករណីយុវជន ជនជាតិតៃវ៉ាន់ពីរនាក់ដែលថតវីដេអូ ប្រឌិតនិងផ្សព្វផ្សាយចាប់ជំរិតនៅកម្ពុជា និងករណីការផ្សព្វផ្សាយមិនគ្រប់ជ្រុងជ្រោយពីកម្ពុជា។
សម្តេចបានថ្លែងក្នុងពិធីបើកការដ្ឋាន សាងសង់ស្ពានតភ្ជាប់តំបន់ចក្រអង្រែក្រោម ព្រែកប្រានាព្រឹកថ្ងៃទី១៩ កុម្ភៈនេះថា ជនជាតិតៃវ៉ាន់២ឆ្នាំ ដែលបានថតវីដេអូប្រឌិត ធ្វើជាមានការចាប់ជំរិតនៅកម្ពុជា ត្រូវបានកាត់ទោសឲ្យជាប់ពន្ឋនាគារចំនួន២ឆ្នាំ និងអាចសិក្សាដាក់ឲ្យជាប់ទោសយូរជាងនេះ។
សម្តេចបានបន្តថា “ករណីនេះមានការសុំឲ្យដោះលែងពីម្តាយរបស់គាត់ ដោយថាម្តាយគាត់ឈឺ និងជាកូនកត្តញូ តែកត្តញូអី គឺមកបំផ្លាញស្រុកគេ”។ សម្តេចបន្ថែមថា “នៅកម្ពុជាមានករណីប្រឌិតជាច្រើន ដែលមានការរៀបចំឡើងដោយមនុស្សមានចេតនាអាក្រក់ និងការផ្សព្វផ្សាយព័ត៌មាន មិនគ្រប់ជ្រុងជ្រោយ ទើបធ្វើឲ្យគេមានការភ័ន្តច្រឡំពីកម្ពុជា”។
សម្តេចធិបតីហ៊ុន ម៉ាណែតបានបន្តថា ករណីជនជាតិតៃវ៉ាន់២នាក់ខាងលើនេះ ពួកគេមានចេតនា និងមានគោលបំណងច្បាស់លាស់ ដោយពួកគេរៀបចំផែនការធ្វើនៅក្រុងភ្នំពេញ តែរកកន្លែងធ្វើមិនបាន បានផ្លាស់ទៅកាន់ខេត្តព្រះសីហនុ សៀមរាប និងគ្រោងចេញទៅកាន់ប្រទេសឡាវ។
សម្តេចបន្តថា “យើងនឹងដាក់ជនជាតិតៃវ៉ាន់២នាក់នេះ ក្នុងblack List មិនឲ្យចូលមកកម្ពុជា និងសិក្សាពីការដាក់ទោសអាចពន្យាយូរជាងនេះ តាមការជាក់ស្តែង”។ សម្តេចបន្ថែមថា “យើងបទទួលបានសុខសន្តិភាពពេញលេញ មានសន្តិសុខល្អប្រសើរ មិនដូចអ្វីដែលសារព័ត៌មាន និងក្រុមមនុស្សមួយចំនួនបានលើកឡើងនោះទេ”។