កម្ពុជាទទួលបានទុនវិនិយោគជាង៦០០លានដុល្លារក្នុង រយៈពេលត្រឹម៤៥ថ្ងៃ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី ​គម្រោង​វិនិយោគ​ចំនួន​៥៤​ ជាមួយទំហំ​ទឹកប្រាក់​សរុប​ជាង៦៣០​លាន​ដុល្លារ ក្នុងរយៈពេល៤៥ថ្ងៃនៃឆ្នាំនេះ។គំរោងភាគច្រើន ជា​គម្រោង​វិនិយោគ​បើក​រោងចក្រ​ដំឡើង កែច្នៃ​សម្ភារ​ប្រើប្រាស់ និង​រោងចក្រ​សម្លៀកបំពាក់​។​

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានឱ្យដឹងថា កាលពី​ខែមករា គម្រោង​វិនិយោគ​ចំនួន ៣២ ដែលមាន​ទុនវិនិយោគ ​សរុប​ប្រមាណ​១៨៧​លាន​ដុល្លារ​អាមេរិក ត្រូវបាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​

នៅក្នុង​នោះ​ គម្រោង​វិនិយោគ​ ដែលមាន​ភាពលេច​ធ្លោ​ជាងគេ​រួមមាន​៖ គម្រោង​បង្កើត រោងចក្រ​ផលិត​គ្រឿង​អេឡិច​ត្រូ​និក​​នៅ​ស្រុក​សំរោង ខេត្តតាកែវ​,​គម្រោង​បង្កើត​រោងចក្រ​ផ្ដុំ​ដំឡើង​ម៉ូតូ​, កង់​, រ៉ឺម៉ក (​អគ្គិសនី​) និង​ឧបករណ៍​បញ្ចូល ឬ​សាក​ថ្ម នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ គម្រោង​បង្កើត​រោងចក្រ កែច្នៃ​អាលុយមីញ៉ូម​, ដែក​, និង​ទង់ដែង នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ និង គម្រោង​បង្កើត​រោងចក្រ​តម្បាញ ក្រណាត់ និង​កាត់ដេរ​សម្លៀកបំពាក់​នៅ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។

បើ​ធៀប​រយៈពេល​ដូចគ្នា ក្នុង​ខែមករា ឆ្នាំ​២០២៤ កម្ពុជា​ទទួលបាន​គម្រោងច្រើនជាង​២​ដង បើ​ធៀប​នឹង​ខែមករា ឆ្នាំ​២០២៣​កន្លងទៅ​។​

របាយការណ៍ដដែលបានឲ្យដឹងថា នៅក្នុង​ខែមករា ឆ្នាំ​២០២៤ ទុនវិនិយោគ​ប្រមាណ​៧៨​ភាគរយ មាន​ប្រភព​មកពីប្រទេស​ចិន។ចំនួន៩,៦៥​ភាគរយ មកពី​ប្រទេស​សិង្ហ​បុរី​។ ចំនួន៥,៣៤​ភាគរយ មកពី​សហរដ្ឋអាមេរិក​។ ចំនួន៣,៥៥​ភាគរយ មកពី​សាធារណរដ្ឋ​កូ​រ៉​, និងចំនួន​២,៧៣​ភាគរយ មកពី​ប្រភព​ក្នុងស្រុក​។​

នៅក្នុង​នោះ​វិស័យ​ឧស្សាហកម្ម មានការ​វិនិយោគ​ច្រើនជាងគេ បន្ទាប់មក​វិស័យ ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្សេងៗ រួមទាំង​វិស័យ​កសិ​កម្ម​ផងដែរ​។​

នា​ជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក Justin Kevin Whyatt​ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានបង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ ដើម្បី​ទាក់ទាញ​វិនិយោគិន ដើម្បី​បណ្តាក់​ទុនវិនិយោគ​នៅ​កម្ពុជា​។​

លោកស៊ុន ចាន់ថុលបានបញ្ជាក់ថា “​កម្ពុជា​រំពឹងថា​គម្រោង​វិនិយោគ ​នឹងមាន​ការកើនឡើង​បន្ថែមទៀត ទោះបីជា​ស្ថានភាព​ពិភពលោក​បច្ចុប្បន្ន កំពុង​ជួប​បញ្ហា​ប្រឈម​ក្ដី​”។លោកបន្ថែមថា “​បន្ថែម​ពីនេះ ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង កម្ពុ​ជាមាន​គោលបំណង​ក្នុងការ​ប្រើប្រាស់​ថាមពល​ស្អាត ឱ្យបាន​៧០​ភាគរយ​នៃ​ថាមពល​សរុបត្រឹម​ឆ្នាំ​២០៣០”។​

​របាយការណ៍​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) កាលពី​ឆ្នាំ​២០២៣​កន្លងទៅ កម្ពុជា​ទទួល​គម្រោង​វិនិយោគ​ចំនួន​២៦៨ ដែលមាន​ទុនវិនិយោគ ​ប្រមាណ​ជិត៤,៩​ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​ជិត​៥០​ភាគរយ បើ​ធៀប​ទៅ​ឆ្នាំ​២០២២ ដែល​ទទួលបាន​ត្រឹម ៤​ពាន់​លាន​ដុល្លារ​អាមេរិក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here