ផ្លូវក្រវ៉ាត់ក្រុងទី៤ មានដំណឹងល្អហើយ!!អាចនឹងលេចរូបរាងនាពេលឆាប់ៗ ខណៈសម្តេចធិបតីជម្រុញឲ្យមានការគិតគូរពីបញ្ហានេះ

0

ដោយៈ គង់ សូរិយា

        កណ្តាលៈ ជាមួយនឹងផែនការកសាងហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវ ស្ពានកាន់តែច្រើននាពេលខាងមុខ ដើម្បីឆ្លើយតបនឹងកំនើនប្រជាសាស្រ្ត ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជានឹងមានភាពធន់ ជាមួយនឹងផែនការចក្ខុវិស័យច្បាស់លាស់។

ក្នុងពេលអញ្ជើញចូលរួមបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេរសាសាក់ ព្រែកប្រា ជក្រអង្រែក្រោម សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងនូវមហិច្ឆតា វិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ដែលសម្តេចបានចាត់ទុកជាការបង្រួមទឹកដី តាមរយៈ​ការកសាងហេដ្ឋារចនាសម្ព័ន្ឋនានា ដោយសម្តេចបញ្ជាក់ថា កម្ពុជាមិនដកថយឡើយ ក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ។

សម្តេចបានបញ្ជាក់ថា “រាជធានីភ្នំពេញ នឹងមិនមានការថយចុះចំនួនមនុស្សនោះទេ តែចំនួនមនុស្សនឹងកើនឡើងដល់៣ទៅ៤លាននាក់នៅ១០ទៅ១៥ឆ្នាំខាងមុខ”។ សម្តេចបានលើកទឹកចិត្តឲ្យគ្រួសារ​និមួយៗនៅរាជធានីភ្នំពេញ មានកូនឲ្យបាន៥នាក់ នៅក្នុងគ្រួសារ។

លើសពីនេះ ផែ​នការកសាងផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលបានសិក្សារួចដោយក្រុមហ៊ុនចិន សម្តេចធិបតីហ៊ុន ម៉ាណែតក៏បានលើកឡើងពីការជម្រុញឲ្យគិតគូ​ដល់ការក្សាងផ្លូវក្រវ៉ាត់ក្រុងផងដែរ។សម្តេចបានបញ្ជាក់ថា“មធ្យោបាយដឹកជញ្ជូន គឺត្រូវគិតគូផ្លូវក្រវ៉ាត់ក្រុង ”។

ការសិក្សាផ្លូវក្រវ៉ាត់ក្រុងទី៤ បានធ្វើឡើងដោយក្រុមហ៊ុនCRBC កន្លងមក និងត្រូវបានធ្វើបទបង្ហាញជាមួយមន្រ្តីជាន់ខ្ពស់ ក្រសួងសាធារណៈការ និងដឹកជញ្ជូ​ន លោកលឹម ស៊ីដេនីនរួចហើយកាលពីឆ្នាំ​២០២៣។

អតីតអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន និងបច្ចុប្បន្នជាមន្រ្តីជាន់ខ្ពស់ក្រសួងនេះ លោកវ៉ាស៊ីម សូរិយាធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ នាពេលអនាគត ជាផ្នែកមួយនៃការដឹកជញ្ជូនផង ការធ្វើសមាហរណកម្មតំបន់ជាយក្រុង ខិតកាន់តែជិតមកកាន់ទីក្រុង ពិសេសផ្លូវនេះនឹងដើរតួនាទីកាន់តែសំខាន់ ក្នុងការតភក្ជាប់ហេដ្ឋារចនាសម្ព័ន្ឋដឹកជញ្ជូនមកកាន់ព្រលានយន្តហោះ តេជោក្រុងតាខ្មៅ និងការតភ្ជាប់ពីភាគពាយ័ព្យប្រទេស មកកាន់តំបន់ភូមិភាគកណ្តាល មានខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តព្រៃវែងផងដែរ។

លោកបន្តថា “វាជាផ្លូវយុទ្ឋសាស្រ្ត ដែលតភ្ជាប់ពីភាគខាងលិច ផ្លូវជាតិលេខ២ លេខ៣ លេខ៤ តភ្ជាប់មកកាន់ផ្លូវជាតិលេខ១ និងសម្រួលឲ្យមានលំហូរទំនិញ តភ្ជាប់ជាមួយតំបន់អាស៊ាន ដែលនៅជិតខាងកម្ពុជាផងដែរ”។

មានចម្ងាយត្រឹមប្រមាណ៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ គំរោងផ្លូវក្រវ៉ាត់ក្រុងទី៤ ប្រវែងជាង១៩៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺតាកែវ ព្រៃវែង គំរោងផ្លូវនេះត្រូវបានដាក់ឲ្យសិក្សាដោយដ្ឋាភិបាលហើយ និងបានបញ្ចប់រួចរាល់ផងដែរ។

រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកលីម ស៊ីដេនីន ធ្លាប់បានបញ្ជាក់នៅក្នុងសិក្ខាសាលា ពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ ការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវតម្រូវការហេដ្ឋានរចនា សម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់ថា ក្នុងចំណោមខេត្តទាំង៤នេះ ដោយឆ្លតកាត់ខេត្តកំពង់ស្ពី ចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុក។

ជាមួយនឹងការផ្តល់ហិរញ្ញប្បទាន សម្បទានពីរដ្ឋាភិបាលចិនក្នុងទំហំទឹកប្រាក់៣៣៤០លានដុល្លារ ដែលបានប្រកាសដោយលោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍ​ន៍កម្ពុជាកាលពីថ្ងៃទី៧ វិច្ឆិកាកន្លងមក ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៤ (ផ្លូវពង្រាង) កំពុងដាក់ក្តីសង្ឃឹមថា ផ្លូវក្រវ៉ាត់ក្រុងទី៤ នឹងសាងសង់នាពេលឆាប់ៗខាងមុខនេះ។

ការសាងសង់ផ្លូវនេះ នឹងជួយលើកកំពស់សេដ្ឋកិច្ច និងជីវភាព​ប្រជាពលរដ្ឋនៅក្នុងតំបន់ជាច្រើន រួមមាន ទី១ ជួយសម្រួលលំហូរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ ទី២ ជួយលើកកំពស់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការឡើងថ្លៃដីធ្លី និងអចលនទ្រព្យក្នុងតំបន់ ទី៣ ទាក់ទាញការវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិ ខណៈបច្ចុប្បន្នមានអ្នកអភិវឌ្ឍន៍មួយចំនួន បានសាងសង់ផ្ទះលំហែរ និងរីហ្សតនៅតំបន់នេះបណ្តើរៗរួចហើយ។

ទី៤ ជាការចំណេញដល់គោលនយោ​បាយ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងទីក្រុង និងតំបន់ជនបទ និងទី៥ ជាការចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។

អ្នកជំនាញអចលនទ្រព្យ​មើលឃើញថា វាកំពុងផ្តល់នូវការលើកកំពស់ ការរីកចម្រើននៅតំបន់ជុំវិញនោះ ហើយការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ជាការចូលរួមចំណែកមួយផ្នែ​ក ក្នុងការអភិវឌ្ឍវិស័យសំណង់ និងអច​លនទ្រព្យផងដែរ។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានគាំទ្រដល់វិស័យអចលនទ្រព្យយ៉ាងច្រើន ជាក់ស្តែងតំបន់ភាគខាងត្បូងរាជធានី ពិសេសនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៤ បាននិងកំពុងមានសកម្មភាពទិញ លក់ជាប្រចាំផងដែរ ប៉ុន្តែមិនទាន់មានសភាពពុះកញ្រ្ជោល ដូចមុនវិបត្តិនៅឡើយទេ។

អ្នកស្រីបន្តថា “ដោយសារជាតំបន់មានផ្ទៃដីនៅធំទូលាយ តម្លៃដីធ្លីមិនទាន់មានសញ្ញាកើនឡើងនៅឡើយទេ ប៉ុន្តែអ្វីៗនឹងប្រសើរឡើងនាពេលអនាគត”៕

សម្តេចធិបតីហ៊ុន ម៉ាណែតបានលើកឡើងបន្ថែមផងដែរថា រាជរដ្ឋាភិបាលកម្ពុជា មិនមានផែនការលើកទីក្រុងភ្នំពេញ ទៅទីណានោះទេ ប៉ុន្តែនឹងបន្តផ្តោតលើការគិតគូអភិវឌ្ឍន៍ និងពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីបំរើឲ្យការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here