ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានឱ្យដឹងថា ការជួលអចលនទ្រព្យឧស្សាហកម្ម នៅទីក្រុងម៉ានីល នឹងបន្តកើនឡើងនៅឆ្នាំ២០២៤នេះ ស្របពេលដែលប្រជាជនហ្វីលីពីនកាន់តែច្រើន បានងាកមកចូលចិត្តទិញទំនិញតាមអនឡាញ។
ការជួលបានកើនឡើងជិត៤០ភាគរយ កាលពីឆ្នាំ២០២៣ ដោយបានជំរុញឱ្យរដ្ឋធានី របស់ប្រទេសហ្វីលីពីនមួយនេះ វ៉ាដាច់ទីក្រុងស៊ីដនី របស់ប្រទេសអូស្ត្រាលី ក្នុងឋានៈជាទីក្រុង ដែលដំណើរការល្អបំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រាប់អចលនទ្រព្យប្រភេទឧស្សាហកម្ម។
ការជួលអចលនទ្រព្យឧស្សាហកម្ម នៅទីក្រុងម៉ានីលត្រូវបានគេរំពឹងថា នឹងកើនឡើងពី៣ ទៅ៥ភាគរយទៀតនៅឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍ របស់ទីភ្នាក់ងារប្រឹក្សាអចលនទ្រព្យ Knight Frank ដដែល។
លោកស្រី Christine Li ប្រធានផ្នែកស្រាវជ្រាវប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Knight Frank បានលើកឡើងថា “ការកើនឡើងនៃចំនួនពាណិជ្ជករ ឬអ្នកលក់តាមអនឡាញ នៅក្នុងប្រទេសហ្វីលីពីន បានបង្កើនតម្រូវការអចលនទ្រព្យភស្តុភារ នៅក្នុងទីក្រុងម៉ានីល”។
ការលក់រាយតាមអ៊ីនធឺណិត នៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងចំនួន៥ដង គិតចាប់តាំងពីឆ្នាំ២០១៩ ដែលធ្វើឱ្យហ្វីលីពីនក្លាយជាទីផ្សាររីកចម្រើនលឿនបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមទិន្នន័យ ដែលដកស្រង់ដោយក្រុមហ៊ុន Knight Frank។
យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលដកស្រង់ការស្រាវជ្រាវ ពីក្រុមហ៊ុនផ្តល់ទិន្នន័យ និងវិភាគ GlobalData បង្ហាញថា ការលក់ទំនិញអនឡាញ E-commerce នៅក្នុងប្រទេសហ្វីលីពីនត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ទំហំទឹកប្រាក់១៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦ ដែលកើនឡើងក្នុងអត្រាប្រចាំឆ្នាំចំនួន១៧,៩ភាគរយចាប់ពីឆ្នាំ២០២២។
យោងតាមរបាយការណ៍ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានបញ្ជាក់បន្ថែមថា កំណើននៃការជួលនៅក្នុងទីក្រុងម៉ានីល បានជួយលើកកំពស់ ផ្នែកអចលនទ្រព្យឧស្សាហកម្មទាំងមូល នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕ប្រភព៖SCMP៕