ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមប្រឹក្សាជាតិភស្តុភារកម្ម ដើម្បីពិនិត្យវឌ្ឍនភាពនៃផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលគំរោងនេះត្រូវការទំហំទុនវិនិយោគ៣៦,៦ពាន់លានដុល្លារអាមេរិក។
យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័ត ដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ក្នុងនោះមានផែនការមេចំនួន៧ សំយោគ បញ្ចូលគ្នារួមមាន៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ ភស្តុភារកម្ម ផ្លូវអាកាស និងដឹកជញ្ជូនអន្តរមធ្យោបាយ រួមគ្នាមានចំនួន១៧៤គម្រោងទាំងផ្នែកទន់ និងផ្នែករឹង ជាមួយនឹងទឹកប្រាក់វិនិយោគប្រមាណ៣៦,៦ពាន់លានដុល្លារអាមេរិក។
ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អ្នកឧកញ៉ាគិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្រ្តីមកពីក្រសួងចំនួនបីផងដែរ។
ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ លោកស៊ុន ចាន់ថុលបានមានប្រសាសន៍ ស្នើសុំទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទាំងផ្នែករដ្ឋ និងឯកជន ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលជាផែនការមេថ្នាក់ជាតិថ្មីមួយ ដើម្បីជំរុញឱ្យកម្ពុជាអាចទាក់ទាញការវិនិយោគ ចូលមកបានកាន់តែច្រើនបន្ថែមទៀត។
ផែនការមេនេះ មានចក្ខុវិស័យក្នុងការបន្តកែលម្អ និងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ដោយផ្តោតលើការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវ័ន្ត ឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ មានការតភ្ជាប់ខ្ពស់ និងភាពប្រទាក់ក្រឡា ទាំងផ្ទៃក្នុងប្រទេស និងជាមួយតំបន់ ដែលនឹងបន្តរួមចំណែកជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន៕
កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន៤ រួមមាន ទី១ វឌ្ឍនភាពការងាររបស់គណៈកម្មាធិការជាតិភស្តុភារកម្ម ទី២ វឌ្ឍនភាពផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ (Comprehensive Masterplan on Intermodal Transport Connectivity and Logistics System in Cambodia 2023-2033_CITLS) ទី៣ វឌ្ឍនភាពគម្រោងនៃការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ និងទី៤ វឌ្ឍនភាពគម្រោងនៃការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ៕