ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Shigeo Fukuda ប្រធានគ្រប់គ្រងទូទៅ ផ្នែកតំបន់ឧស្សាហកម្មក្រៅប្រទេស របស់ក្រុមហ៊ុន Sumitomo Corporation Asia & Oceania។
ជំនួបដ៏មានសារៈនេះ មានការសម្របសម្រួល ពីតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីពិភាក្សាលើទស្សនទាន និងស្ដាប់មតិយោបល់ របស់វិនិយោគិនជំនាញអភិវឌ្ឍន៍ សួនឧស្សាហកម្ម សម្រាប់ការរៀបចំបង្កើត តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ស្របតាមគំនិតផ្តួចផ្តើម របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីជប៉ុន កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ក្នុងទិសដៅធ្វើយ៉ាងណាឱ្យតំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ អាចទាក់ទាញវិនិយោគិនជប៉ុន ចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា បានកាន់តែច្រើនបន្ថែមទៀត។
ក្រុមហ៊ុន Sumitomo Corporation គឺជាក្រុមហ៊ុនជប៉ុនដែលវិនិយោគ នៅក្នុងប្រទេសប្រមាណជាង៦៥ប្រទេស ជាមួយបុគ្គលិកសរុបប្រមាណ៧៩ពាន់នាក់ ដែលវិនិយោគលើវិស័យ ផលិតផលដែក ប្រព័ន្ធដឹកជញ្ជូននិងសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធផ្សព្វផ្សា យ និងឌីជីថល អចលនទ្រព្យ និងធនធានរ៉ែ ថាមពល គីមី និងអេឡិចត្រូនិចជាដើម៕