ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាមួយរកឃើញថា ចំនួនជាងពាក់កណ្តាល នៃអ្នកជួលនៅសហរដ្ឋអាមេរិក បានចំណាយប្រាក់ជាង៣០ភាគរយ នៃប្រាក់ចំណូលសរុបរបស់ពួកគេរួចទៅហើយ ដើម្បីជួលអាផាតម៉ិនថ្មីស្នាក់នៅ។
ក្រៅពីតម្លៃខ្ពស់កប់ពពកហើយនោះ ពលរដ្ឋអាមេរិក ក៏ពិបាកស្វែងរកជួលអាផាតម៉ិនផងដែរ ជាពិសេសនៅក្នុងទីក្រុងភាគឦសាន ដូចជាទីក្រុងញូវយ៉ក និងទីក្រុងបូស្តុនជាដើម ខណៈដែលការសាងសង់លំនៅដ្ឋានថ្មីនៅទីនេះ គឺមានភាពពិបាកណាស់។ នៅក្នុងទីក្រុងទាំង២នេះ គេសង្កេតឃើញថា គ្រាន់តែការចំណាយលើការធានាអាផាតម៉ិនមួយយូនីត អាចមានតម្លៃរាប់ពាន់ដុល្លារ។
អត្រាអាផាតម៉ិន ដែលទុកទំនេរចោលនៅទីក្រុងញូវយ៉ក បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរង្វង់១,៤%។ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយនាយកដ្ឋានអភិរក្ស និងអភិវឌ្ឍន៍លំនៅដ្ឋានទីក្រុងញូវយ៉ក ដែលត្រូវបានផលិតជារៀងរាល់៣ឆ្នាំម្តង ចាប់តាំងពីឆ្នាំ១៩៦៥មកម្ល៉េះ។នៅទីក្រុងបូស្តុន អត្រាអាផាតម៉ិន ដែលទុកទំនេរចោលគ្មានអ្នកជួល ស្ថិតក្នុងរង្វង់ត្រឹមតែ២,៦% ប៉ុណ្ណោះ គិតត្រឹមចុងឆ្នាំ២០២៣។ នេះបើយោងតាមការិយាល័យជំរឿន។ អាផាតម៉ិននៅក្នុងទីក្រុងទាំង២នេះ មានតម្លៃជួលជាមធ្យមខ្ពស់បំផុត នៅក្នុងសហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះ ម្ចាស់អាផាតម៉ិនបានឆ្លៀតដំឡើងថ្លៃជួល ស្របពេលដែលអត្រាទុកទំនេរចោល គ្មានអ្នកជួលបានថយចុះ ដែលការធ្លាក់ចុះនេះបានបញ្ជាក់ថា តម្រូវការជួលមានការកើនឡើង។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន CNN។
អ្នកជួលក្នុងតំបន់ទីក្រុងបូស្តុន ត្រូវបង់ថ្លៃជួលជាមធ្យម២.៩៥៥ដុល្លារ ក្នុងមួយខែ សម្រាប់អាផាតម៉ិន ដែលមានបន្ទប់គេងចំនួនពីរ ឬតូចជាងនេះ ខណៈអ្នកជួលនៅតំបន់ទីក្រុងញូវយ៉ក ត្រូវបង់ប្រាក់ជាមធ្យម២.៨១៧ដុល្លារក្នុងមួយខែ។ នេះបើយោងតាមវេបសាយ Realtor.com។
ជាមួយគ្នានេះ ការផ្គត់ផ្គង់អាផាតម៉ិន ដែលមានតម្លៃថោកសមរម្យ កាន់តែមានតិចតួចបំផុតនៅលើទីផ្សារ ដែលការណ៍នេះបានធ្វើឲ្យប៉ះពាល់ដល់គ្រួសារ ដែលមានប្រាក់ចំណូលទាប ដែលកំពុងជួបការលំបាកក្នុងការទូទាត់ថ្លៃជួលប្រចាំខែ៕