ដោយ គង់ សូរិយា
ភ្នំពេញ៖ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បាននិងកំពុងធ្វើការជាមួយសមាគមទេសចរណ៍នៅអឺរ៉ុប និងតំបន់ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អឺរ៉ុប មកទស្សនកិច្ចនៅកម្ពុជាបន្ថែមទៀត ខណៈចំនួនភ្ញៀវទេសចរណ៍អឺរ៉ុប មកទស្សនកិច្ចនៅកម្ពុជានៅមានកម្រិត។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី២៨ កុម្ភៈនេះថា បច្ចុប្បន្នយើងកំពុងចង់ធ្វើអ្វីមួយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អឺរ៉ុប មកទស្សនាកម្ពុជាបន្ថែមទៀត ព្រោះលំហូរភ្ញៀវទេសចរណ៍អឺរ៉ុប មកទស្សនាកំសាន្តនៅកម្ពុជាហាក់ថមថយល្បឿន។
លោកស្រីបន្តថា យើងកំពុងរៀបចំជួបជាមួយសមាគមទេសចរណ៍ ក្រុមហ៊ុននានា និងអ្នកសារព៌តមាននៅអឺរ៉ុប ដើម្បីឲ្យពួកគេមកទស្សនាកម្ពុជា ព្រោះយើងចង់បង្ហាញផលិតផលថ្មីៗក្នុងវិស័យនេះ មិនត្រឹមតែប្រាសាទអង្គរវត្តនោះទេ។
-->
លោកស្រីបន្តថា “ភ្ញៀវទេសចរណ៍មកពីអឺរ៉ុបច្ចុប្បន្ន មកទស្សនាកម្ពុជាតាមរយៈប្រ ទេសជិតខាង ដោយសារយើងគ្មានជើងហោះហើរត្រង់ ហេតុនេះសមាគមនឹងធ្វើការជាមួយប្រទេសជិតខាង ដើម្បីឲ្យពួកគេជួយបញ្ចូលកញ្ចប់ទស្សនកិច្ច បន្តមកកម្ពុជាឲ្យបានច្រើន”។លោកស្រីបន្តថា “តាមរយៈទំនាក់ទំនងនេះ យើងរំពឹងថាការីទេសចរណ៍សមាគមនានានៅអឺរ៉ុប រួមទាំងអ្នកសារព៌តមានអាចមកទស្សនកិច្ចនៅកម្ពុជា ក្នុងកំឡុងត្រីមាសទី២ឆ្នាំនេះ”។
លោក ហូ វណ្ឌី ទីប្រឹក្សា CATA បានមានប្រសាសន៍ទទួលស្គាល់ថា ចំនួនភ្ញៀវទេសចរណ៍នៅក្នុងតំបន់ និងមកពីអឺរ៉ុបពិតជាមានការថមថយល្បឿន ដែលបញ្ហានេះជារឿងកង្វល់មួយរបស់ការីទេសចរណ៍នានា ប៉ុន្តែទោះជាយ៉ាងណាយើងឃើញភ្ញៀវទេសចរណ៍ ចិននៅតែឈរលំដាប់ថ្នាក់ល្អដដែល ដោយសារទេសចរណ៍ចិនមកទស្សនាកម្ពុជាច្រើនជាងគេ។
លោកបន្តថា ដើម្បីដោះស្រាយបញ្ហានេះ ទាមទារឲ្យយើងរៀបចំនូវប្រព័ន្ឋហេ ដ្ឋារចនាសម្ព័ន្ឋមួយចំនួនទាំងផ្លូវដើរ ទាំងកន្លែងលេងកំសាន្ត រៀបចំឲ្យមានសណ្តាប់ធ្នាប់ទាំងការធ្វើចរាចរណ៍ ទាំងសន្តិសុខរបៀបរៀបរយក្នុងសង្គម បញ្ហាអនាម័យឲ្យកាន់តែមានភាពល្អប្រសើរ។
លោកបន្តថា “បញ្ហាទាំងបីនេះជារឿងរាំរ៉ៃជាយូរមកហើយ ដែលរដ្ឋាភិបាលនិងប្រជាពលរដ្ឋគួរតែរួមគ្នាដោះស្រាយ ដើម្បីធ្វើឲ្យប្រសើរឡើងនូវសណ្តាប់ធ្នាប់ និងបញ្ហាអនាម័យ”។

លោកបន្តថា ”វាជាបញ្ហាធំណាស់សំរាប់ភ្ញៀវទេសចរណ៍អឺរ៉ុប នៅពេលពួកគេចុះពីអូតែលផ្កាយ៥មក ឃើញតែសំរាមពាសវាលពាសកាល ពួកគេមិនពេញចិត្តនិងមិនចង់ត្រលប់មកកម្ពុជាជាថ្មីទេ”៕