តើខុនដូនៅក្នុងទីក្រុងបាងកកនិងហាណូយ មានតម្លៃចំនួនប៉ុន្មាន ក្នុងមួយយូនីត?

0

ដោយៈ គង់ លាងហួរ

អន្តរជាតិ: តម្លៃខុនដូនៅតាមប្រទេសនីមួយៗ សុទ្ធតែខុសផ្សេងៗពីគ្នា អាស្រ័យទៅលើទីតាំងភូមិសាស្ត្រ និងទំហំយូនីត។

ខាងក្រោមនេះ គឺជាតម្លៃខុនដូ នៅក្នុងទីក្រុងធំៗរបស់ប្រទេសថៃ និងប្រទេសវៀតណាម។

ទី១: ទីក្រុងបាងកក ប្រទេសថៃ
ថៃគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី២ នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។ ប្រទេសថៃក៏ជាទីកន្លែង ដែលជនបរទេស ប្រាថ្នាចង់មកតាំងទីលំនៅ នៅពេលពួកគេចូលនិវត្តន៍ផងដែរ។

កាលពីឆ្នាំ២០២៣កន្លងទៅ ថៃជាប់ឈ្មោះជាប្រទេសដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេទី១ នៅលើពិភពលោក ហើយបើយើងក្រឡេកមកមើល អំពីតម្លៃអចលនទ្រព្យ នៅរាជធានីមួយនេះវិញ ក៏មិនសូវថោកប៉ុន្មានដែរ។

តួយ៉ាង តម្លៃខុនដូនៅក្នុងប្រទេសថៃ មានភាពខុសប្លែកគ្នាយ៉ាងខ្លាំង ដោយអាស្រ័យទៅលើកត្តាសំខាន់ៗមួយចំនួន ដូចជា ទំហំយូនីត និងទីតាំងនៃគម្រោងអភិវឌ្ឍន៍ខុនដូទាំងនោះ។

ទំហំជាមធ្យមនៃខុនដូ នៅក្នុងទីក្រុងបាងកក គឺប្រហែល៤០ម៉ែត្រការ៉េ ឬ៤៣០ហ្វីតការ៉េ ប៉ុន្តែវាអាចប្រែប្រួលអាស្រ័យលើទីតាំង និងប្រភេទអគារ។

ជាក់ស្តែង ខុនដូនៅ​ទីក្រុងបាងកក ដែលមានបន្ទប់គេងចំនួន១ មានតម្លៃចាប់ពី៥ម៉ឺនដុល្លារអាមេរិក ទៅដល់២៦៦.០០០លានអាមេរិកក្នុងមួយយូនីត។ រីឯ ខុនដូ​នៅក្នុង​​ទីក្រុងបាងកក ដែលមានបន្ទប់គេងចំនួន២ មានតម្លៃចាប់ពី៨៣.០០០ដុល្លារអាមេរិក ទៅដល់៤០០.០០០ដុល្លារអាមេរិកក្នុងមួយយូនីត។

ចំណែកខុនដូនៅក្នុងទីក្រុងបាងកក ដែលមានបន្ទប់គេងចំនួន៣ មានតម្លៃចាប់ពី១៣៣.០០០ដុល្លារអាមេរិក ឡើងទៅដល់៦៦៧.០០០ដុល្លារអាមេរិកក្នុងមួយយូនីត។

ទី២: ទីក្រុងហាណូយ ប្រទេសវៀតណាម
ទីក្រុងហាណូយ គឺជាឈ្មោះរដ្ឋធានី នៃប្រទេសវៀតណាម និងមានប្រជាជនរស់នៅ ប្រមាណ៥,២៥លាននាក់។ ទីក្រុងហាណូយ គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំមួយ នៅក្នុងប្រទេសវៀតណាម និងជាមេដែកស្រូបទាញអ្នកវិនិយោគ។

យោងតាមរបាយការណ៍ថ្មីៗនេះបានបង្ហាញថា វិស័យអចលនទ្រព្យគឺជាប្រភពចម្បងទី១ ដែលទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) បានច្រើនជាងគេចូលមកកាន់ប្រទេសវៀតណាម។

បើក្រឡេកមកមើល អចលនទ្រព្យនៅក្នុងទីក្រុងមួយនេះវិញ ក៏មានតម្លៃគួរឱ្យចាប់អារម្មណ៍ផងដែរ ខណៈតម្លៃទាំងនោះអាចប្រែប្រួលអាស្រ័យទៅលើទីតាំង និងទំហំ។

តួយ៉ាង គម្រោងខុនដូ ដែលមានទីតាំងស្ថិតនៅភាគខាងលិចនៃទីក្រុងហាណូយ អាចមានតម្លៃរហូតដល់ ទៅ១០០លានដុង(៤.០៦៣ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។

ចំណែក ខុនដូនៅគម្រោង Lumi Hanoi ដែលអភិវឌ្ឍដោយក្រុមហ៊ុន CapitaLand នៅសង្កាត់ Nam Tu Liem កំពុងដាក់លក់ ក្នុងតម្លៃ៧០ ទៅ៩០លានដុង ក្នុងមួយម៉ែត្រការ៉េ។ តម្លៃ​ខុនដូដ៏ខ្ពស់កប់ពពកទាំងនេះ គឺបណ្តាលមកពីការផ្គត់ផ្គង់​ នៅមានកម្រិត និង​ការ​វិនិយោគ​សាងសង់តែខុនដូប្រណីតៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here