ដោយៈ គង់ សូរិយា
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជាបានបង្ហើបឲ្យដឹងថា គំរោងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េភ្នំពេញ អរិយក្សត្រ នឹងអាចបើកការដ្ឋានសាងសង់ នៅឆ្នាំ២០២៥ខាងមុខ។
ព័ត៌មាននេះ ត្រូវបានលើកឡើងពីលោក. Park Jung-Wookឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ដឹកនាំគណៈប្រតិភូមូលនិធិសហប្រតិបត្ដិការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសកូរ៉េ (The Economic Development Co-operation Fund – EDCF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកប៉េង ពោធ៍នារដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីថ្ងៃទី២១ កុម្ភៈនេះ។
លោកជំនួបនោះ លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពនៃ គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) ដែលកំពុងអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់ដោយរលូន ហើយរំពឹងថានឹងអាចបើកការដ្ឋានសាងសង់បាននាអំឡុងដើមឆ្នាំ២០២៥ ខាងមុខ។
ជំនួបពិភាក្សានាឱកាសនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ពិសេសលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើង ដែលនេះគឺជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញ។







