ដោយ: គង់ លាងហួរ
អន្តរជាតិ: យន្តហោះប្រភេទ C919របស់ប្រទេសចិន បានហោះហើរចេញក្រៅប្រទេសជាលើកដំបូងបង្អស់ ដើម្បីចូលរួមព្រឹត្តិការតាំងពិព័រណ៍ Singapore Airshow ឆ្នាំ២០២៤ ដែលរៀបចំឡើងនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២០ ដល់ទី២៥ ខែកុម្ភៈនេះ។
ការបង្ហាញខ្លួនរបស់យន្តហោះ C919 នៅក្រៅប្រទេសជាលើកដំបូងបង្អស់នេះ សរឱ្យឃើញពីសមត្ថភាព ក្នុងវិស័យអាកាសចរណ៍របស់ប្រទេសចិន។ យន្តហោះនេះត្រូវបានផលិតឡើង ដោយក្រុមហ៊ុនសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន Comac។
-->
ការរៀបចំកម្មវិធីតាំងពិព័រណ៍ នៅប្រទេសសិង្ហបុរី បានក្លាយជាឱកាសមួយសម្រាប់ប្រទេសចិន ក្នុងការផ្សព្វផ្សាយអំពីយន្តហោះប្រភេទ C919 របស់ខ្លួន នៅក្រៅប្រទេស។
ជាមួយគ្នានេះ ក្រុមហ៊ុន Airbus បានដាក់តាំងត្រឹមតែយន្តហោះប្រភេទ A350-1000 ប៉ុណ្ណោះ។ រីឯក្រុមហ៊ុន Boeing បានដាក់តាំងយន្តហោះយោធោ ដោយមិនដាក់តាំងយន្តហោះ ពាណិជ្ជកម្មរបស់ខ្លួននោះទេ។
ក្រុមហ៊ុន Comac បានចំណាយរយៈពេល១៤ឆ្នាំ ដើម្បីផលិតយន្តហោះប្រភេទ C919 និងបានតេស្តសាកល្បងហោះហើរកាលពីដំណាច់ខែកញ្ញា ឆ្នាំ២០២២។ យន្តហោះ C919 អាចផ្ទុកអ្នកដំណើរបានចន្លោះពី១៥៨ ទៅ១៦៩នាក់ និងអាចហោះហើរក្នុងរយៈចម្ងាយជាង៥.៥០០គីឡូម៉ែត្រ។
ទីក្រុងប៉េកាំងបានបណ្តាក់ទុនវិនិយោគ យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការផលិតយន្តហោះក្នុងស្រុក ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនបរទេសធំៗ ដូចជាBoeing និងAirbus។
កាលពីពេលថ្មីៗនេះ យន្តហោះC919 ទើបតែទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការនៅក្នុងប្រទេសចិន និងទើបត្រូវបានដាក់ឱ្យដំណើរការហោះហើរ ដោយក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines។
យោងតាមសារព័ត៌មាន Reuters បានចុះផ្សាយថា បច្ចុប្បន្ននេះ យន្តហោះ C919 ដែលកំពុងប្រតិបត្តិការ នៅប្រទេសចិនមានចំនួន៤គ្រឿងប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណាក្តី ស្របពេលដែលវិស័យអាកាសចរណ៍ កំពុងខ្វះខាតយន្តហោះ ដូច្នេះយន្តហោះផលិតដោយចិន កំពុងទាក់ទាញចំណាប់អារម្មណ៍ កាន់តែខ្លាំងពីជុំវិញពិភពលោក៕