ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍ នៃការព្យាករណ៍ថ្មីរបស់គណៈកម្មការអឺរ៉ុប បានបង្ហាញឱ្យដឹងថា សេដ្ឋកិច្ចរបស់តំបន់អឺរ៉ុបកំពុងស្ថិតក្នុងស្ថានភាពមួយ ដែលមិនទាន់ល្អប្រសើរឡើងវិញនៅឡើយ បន្ទាប់ពីជួបប្រទះវិបត្តិអតិផរណានាពេលកន្លងទៅ។
សម្រាប់ឆ្នាំ២០២៤នេះ សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប (EU) ត្រូវបានព្យាករណ៍ជាថ្មីថា នឹងសម្រេចបានកំណើន ក្នុងរង្វង់០,៩ភាគរយ បើធៀបនឹងការព្យាករណ៍ កាលពី៣ខែមុនចំនួន១,៣ភាគរយ។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មានXinhua ។
ការព្យាករណ៍កំណើនសេដ្ឋកិច្ច របស់តំបន់ចាយប្រាក់អឺរ៉ូ ត្រូវបានបន្ទាបចុះមកនៅត្រឹម០,៨ភាគរយ បើធៀបនឹងកំណើន១,២ភាគរយ ដែលបានព្យាករកាលពីរដូវស្លឹកឈើជ្រុះ។
-->
លោក Paolo Gentiloni ស្នងការអឺរ៉ុបទទួលបន្ទុកសេដ្ឋកិច្ច បានលើកឡើងថា “សេដ្ឋកិច្ចអឺរ៉ុបបានឆ្លងកាត់ឆ្នាំ២០២៣ ដែលជាឆ្នាំដ៏លំបាកបំផុតមួយ ដែលនៅពេលនោះ កត្តារួមផ្សំជាច្រើនបានជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មកលើភាពធន់នៃសេដ្ឋកិច្ចរបស់យើង”។
កត្តារួមផ្សំទាំងនោះរួមមានដូចជា ការថយចុះនៃអំណាចទិញក្នុងគ្រួសារ ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុយ៉ាងតឹងរ៉ឹង ការលុបចោលផ្នែកខ្លះ នៃការគាំទ្រសារពើពន្ធ និងការធ្លាក់ចុះនៃតម្រូវការខាងក្រៅ។
ទោះជាយ៉ាងណាក្តី កំណើនសេដ្ឋកិច្ចរបស់តំបន់អឺរ៉ុប អាចនឹងស្ទុះងើបឡើងវិញបន្តិចម្តងៗ នៅឆ្នាំ២០២៤នេះ ដែលជំរុញដោយការធ្លាក់ចុះនៃអត្រាអតិផរណា កំណើនប្រាក់ឈ្នួល និងភាពធន់នៃទីផ្សារការងារ ក៏ប៉ុន្តែការព្យាករណ៍ថ្មីនាពេលនេះបានបង្ហាញថា សេដ្ឋកិច្ចអឺរ៉ុប នឹងកើនឡើងក្នុងអត្រាទាប ជាងការព្យាករណ៍កាលពី៣ខែមុន៕