Hattha top Banner

ឯកអគ្គរដ្ឋទូតចង់ឃើញមានតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ឥណ្ឌានាពេលខាងមុខ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានាបង្ហាញបំណង​ចង់ឃើញមានតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ឥណ្ឌានាពេលខាងមុខ។

ការបង្ហាញនេះ ធ្វើឡើងក្នុងជំនួបរវាងលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា ជាមួយលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី២១ កុម្ភៈកន្លងមកនេះ។

ជំនួបនាឱកាសនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ នាពេលកន្លងមក រវាងប្រទេសទាំងពីរ ពិសេសការគាំទ្ររបស់ឥណ្ឌា លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការសម្របសម្រួលឱ្យមានជើងហោះហើរត្រង់ ពីប្រទេសឥណ្ឌាមកកម្ពុជា ក៏ដូចជា ដើម្បីពិនិត្យពិភាក្សាលើការជំរុញនីតិវិធី រៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ឥណ្ឌា ដើម្បីសំដៅធ្វើយ៉ាងណាឱ្យចំណងការទូត និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី បានស្នើសុំការសហការស្របសម្រួលពី លោកជំទាវបណ្ឌិត ដើម្បីអាចឱ្យគណៈប្រតិភូកម្ពុជាធ្វើដំណើរទៅប្រទេសឥណ្ឌា ជួបពិភាក្សាការងារនិងបង្ហាញ ពីសក្ដានុពលសំខាន់ៗ ដែលវិនិយោគិនឥណ្ឌា គួរជ្រើសរើសយកកម្ពុជា ជាទីតាំងវិនិយោគរបស់ខ្លួន។

បន្ថែមពីនេះផងដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពី ផែនការមេរបស់កម្ពុជា ដែលមានសក្ដានុពលសម្រាប់វិនិយោគិនឥណ្ឌា អាចពិនិត្យលទ្ធភាពជ្រើសរើស គម្រោងវិនិយោគរបស់ខ្លួន ចេញពី “ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោ​បាយ និងភស្ដុភារកម្មកម្ពុជា២០២៣-២០៣៣” ដែលជាផែនការមេថ្នាក់ជាតិ មានគម្រោងចំនួន១៧៤គម្រោង ប្រមូលផ្ដុំដោយផែនការមេចំនួន៧សំយោគបញ្ចូលគ្នារួមមាន ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ ភស្តុភារកម្ម ផ្លូវអាកាស និងដឹកជញ្ជូនអន្តរមធ្យោបាយ។

ជាមួយគ្នានេះដែរ ក្រោយសង្កេតឃើញមានកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា ជាមួយបណ្ដាប្រទេសនានា រហូតសម្រេចដល់មានរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេស មានជាអាទិ៍ តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន តំបន់សេដ្ឋកិច្ចពិសេសបៃតងកម្ពុជា -អង់គ្លេស គឺជាទឡ្ហីករជំរុញឱ្យលោកជំទាវបណ្ឌិត បង្ហាញចំណាប់អារម្មណ៍ និងទស្សនទានចង់ឃើញ មានតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា -ឥណ្ឌា ដែលផ្ដោតលើគម្រោងវិនិយោគបច្ចេកវិទ្យាជាស្នូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here