ដោយៈ គង់ ហ្វីអួណា
ព្រះសីហនុៈ មន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំពិភាក្សា និងវាយតម្លៃលើការស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានា សម្រាប់គម្រោងសាងសង់អគារចំនួន២ ដែលស្ថិតនៅក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ ជំរុញការវិនិយោគខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះមានការចូលរួមពីលោកឡុង ឌីម៉ង់ និងលោកឯម ភាព អភិបាលរងខេត្តព្រះសីហនុ។កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ និងពិនិត្យលទ្ធភាពក្នុងការអនុម័តផ្តល់”អត្ថប្រយោជន៍ពិសេស” ជាអតិបរមាដល់អ្នកស្នើសុំ។
ជាលទ្ធផលគម្រោងទាំង២ ទទួលបានការឯកភាពជាគោលការណ៍ ផ្តល់ការលើកទឹកចិត្តុមួយចំនួនទាំងផ្នែកពន្ធ និងមិនមែនពន្ធ ដោយផ្អែក ទៅតាមលក្ខណៈវិនិច្ឆ័យកំណត់ ដោយក្រុមការងារអន្តរក្រសួង និងស្ថាប័ន។
គម្រោងដែលត្រូវបានប្រជុំពិភាក្សាខាងលើ បានដាក់ពាក្យស្នើសុំតាមរយៈ ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ដែលមានអាសយដ្ឋាននៅ ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕