ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ គម្រោងផ្សារទំនើបអ៊ីអនម៉លទី៤ ត្រូវបានបង្ហើបទីតាំងអភិវឌ្ឍន៍ ដោយមន្ត្រីនៃក្រុមប្រឹក្សាអភិវឌ្ឍន៍ និងមន្ត្រីថ្នាក់ក្រោមជាតិមួយចំនួនបានបង្ហាញថា គម្រោងអភិវឌ្ឍន៍ផ្សារទំនើបអ៊ីអនម៉លទី៤នឹងអភិវឌ្ឍន៍នៅប៉ែកខាងលិចភ្នំពេញ ស្ថិតក្នុងទឹកដីនៃខណ្ឌកំបូល។
ក្រោយពីព័ត៌មានបានចុះផ្សាយ តាមបណ្ដាញព័ត៌មាន និងការចែកចាយតៗគ្នា អ្នកអភិវឌ្ឍន៍ និងដីធ្លី ហាក់សង្ឃឹមឡើងវិញ ដោយរំពឹងថាសកម្មភាពនៃការទិញលក់ នឹងកក្រើកឡើងវិញជាមួយនឹងការកើនឡើងនៃតម្លៃផងដែរ។
-->
អ្នកអភិវឌ្ឍន៍លំនៅឋាន និងដីធ្លីមួយរូបនៅក្នុងទឹកដីខណ្ឌកំបូល ដែលស្ថិតនៅប៉ែកខាងលិចរាជធានីភ្នំពេញ បាននិយាយថា ក្រោយពីទទួលបានព័ត៌មាន នៃការអភិវឌ្ឍផ្សារទំនើបដ៏ធំមួយនេះ អ្នកអភិវឌ្ឍន៍លំនៅឋាន និងដីធ្លីនៅក្នុងខណ្ឌកំបូល មានក្ដីសង្ឃឹមឡើងវិញហើយ បន្ទាប់ពីពួកគេបានជួបបញ្ហាប្រឈម អស់រយៈពេលជាយូរឆ្នាំតាំងពីកូវីដ១៩ ។
អ្នកអភិវឌ្ឍន៍រូបនេះបាននិយាយថា តាំងពីជួបវិបត្តិកូវីដ១៩ រហូតដល់វិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ការលក់ផ្ទះ និងដីធ្លី ក៏ដូចជាទីផ្សារដីឡូត៏ជាដើម បានជួបបញ្ហាទាំងអស់គ្នា គ្រាន់តែអ្នកខ្លះជួបបញ្ហាតិច។ អ្នកខ្លះជួបបញ្ហាច្រើនប៉ុណ្ណោះ ប៉ុន្តែបើនិយាយថាគ្មានអ្នកណាមិនជួបនោះ គឺមិនពិតនោះឡើយ ។
គម្រោងនៃការអភិវឌ្ឍផ្សារទំនើបអ៊ីអនម៉ល ក្នុងទឹកដីនៃខណ្ឌកំបូល បើទោះបីជាមិនទាន់ដឹង ពីទីតាំងច្បាស់លាស់ក៏ដោយ ក៏វាជាសញ្ញាវិជ្ជមាន សម្រាប់អចលនទ្រព្យក្នុងខណ្ឌកំបូល ដែលជាខណ្ឌថ្មីនៃរាជធានីភ្នំពេញ ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើន បានបង្ហាញពីសញ្ញាវិជ្ជមាន សម្រាប់តំបន់នៅប៉ែកខាងលិចរាជធានីភ្នំពេញ ដោយរដ្ឋាភិបាលបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែម នៅក្នុងតំបន់នេះ ដូចជាប្រព័ន្ធទឹក ភ្លើង ផ្លូវ ធ្វើឱ្យមនុស្សទៅរស់នៅកាន់តែច្រើន ហើយនៅពេលមានមនុស្សទៅរស់នៅកាន់តែច្រើន អ្នកអភិវឌ្ឍន៍នឹងចូលទៅអភិវឌ្ឍន៍ សម្រាប់បំពេញតាមតម្រូវការ ដូចជាផ្សារទំនើប មន្ទីរពេទ្យ សាលារៀនជាដើម ។
នៅក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ នាយកគ្រប់គ្រងផ្សារទំនើបអ៊ីអនម៉លនៅកម្ពុជា លោក Tsuboya Masayuki បានលើកឡើងថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានបោះទុនវិនិយោគ លើផ្សារទំនើបសរុបមានទឹកប្រាក់េជាង៧០០លានដុល្លាររួចមកហើយ។
លោកបន្ថថា ក្រៅពីនេះ ក្រុមហ៊ុនជប៉ុន AEON ក៏បានបោះទុនវិនិយោគលើឃ្លាំងស្តុកដ៏ធំមួយ នៅក្នុងខេត្តព្រះសីហនុ ហើយក៏រំពឹងថាក្រុមហ៊ុនមួយនេះ នឹងបោះទុនវិនិយោគផ្សារទំនើប នៅក្នុងក្រុងព្រះសីហនុផងដែរ ស្របនឹងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តព្រះសីហនុកំពុងមានលេចធ្លោជាងគេ៕