តើទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើនបំផុតទាំង៣ នៅក្នុងតំបន់អាសុី-ប៉ាសុីហ្វីក ស្ថិតនៅប្រទេសណាខ្លះ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិថ្មីៗនេះដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថា ប្រទេសឥណ្ឌាឈរនៅលេខរៀងទី១ ក្នុងនាមជាទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើន និងមានភាពទាក់ទាញបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ការស្ទង់មតិនេះបានធ្វើទៅលើអ្នកវិនិយោគក្នុងតំបន់អាសុីប៉ាសុីហ្វិកក្នុងរយៈពេល២ខែចុងក្រោយនៃឆ្នាំ២០២៣ អំពីផែនការវិនិយោគរបស់ពួកគេសម្រាប់ឆ្នាំ២០២៤។

ចំណែកឯ ប្រទេសដែលឈរនៅចំណាត់ថ្នាក់លេខ២ គឺប្រទេសវៀតណាម រីឯចំណាត់ថ្នាក់លេខ៣បានធ្លាក់ទៅលើប្រទេសថៃ។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មានVNexpress។

ប្រភពខាងលើបន្តថា ការកើនឡើងនៃសកម្មភាពពាណិជ្ជកម្មនៅក្នុងប្រទេសវៀតណាម បានជំរុញតម្រូវការសម្រាប់ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និងភស្តុភារ ដែលហេតុផលនេះ បាននាំឱ្យអ្នកវិនិយោគចាប់អារម្មណ៍លើប្រភេទអចលនទ្រព្យបែបឧស្សាហកម្ម។

ទន្ទឹមគ្នានេះ វិនិយោគិនបរទេសក៏ចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរទៅលើដីលំនៅដ្ឋាន និងអចលនទ្រព្យផ្សេងៗ ដែលត្រូវបានលក់បញ្ចុះតម្លៃ ឬម្ចាស់របស់ពួកគេ ប្រឈមមុខនឹងការលំបាកផ្នែកច្បាប់ និងផ្នែកហិរញ្ញវត្ថុ។

លោក Nguyen Pham Anh Duy នាយកទីប្រឹក្សាវិនិយោគប្រចាំនៅក្រុមហ៊ុន CBRE Vietnam បានមានប្រសាសន៍ឱ្យដឹងថា វិនិយោគិនបរទេសមានចក្ខុវិស័យរយៈពេលវែងអំពីសក្តានុពលនៃសេដ្ឋកិច្ចវៀតណាម។

លោកបញ្ជាក់បន្ថែមថា “វិនិយោគិនជាច្រើនគ្រោងលក់អចលនទ្រព្យរបស់ពួកគេទៅឱ្យអ្នកវិនិយោគថ្មី បន្ទាប់ពីបានកាន់កាប់រយៈពេលយូរ”។

យោងតាមការស្ទង់មតិដដែលបានចង្អុលបង្ហាញទៀតថា វិនិយោគិននៅតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងស្វែងរកកំណើនប្រាក់ចំណេញចំនួន២ខ្ទង់ ពីការវិនិយោគលើអចលនទ្រព្យ ដែលត្រូវបានម្ចាស់គេលក់បញ្ចុះតម្លៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here