ដោយៈ គង់ ហ្វីអួណា
កណ្តាលៈ មន្រ្តីរដ្ឋបាលក្រុងអរិយក្សត្រ មានសុទិដ្ឋិនិយមពីការងើបឡើងវិញ លើវិស័យអចលនទ្រព្យ និងសំណង់នៅក្រុងអរិយក្សត្រនាឆ្នាំ២០២៤នេះ។
លោកអ៊ា ចរិយានាយករដ្ឋបាលសាលាក្រុងអរិយក្សត្រ បានមានប្រសាសន៍ឲ្យដឹង ក្នុងកិច្ចសម្ភាសន៍នៅសប្តាហ៍នេះថា លោកគិតថាវិស័យអចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២៤នេះ ដល់ដំណាក់កាលងើបឡើងវិញហើយ ព្រោះវិស័យនេះបានធ្លាក់ចុះ អស់រយៈពេល៥ឆ្នាំហើយ។
លោកបន្តថា ជាធម្មតានៅពេលស្ថានភាពសេដ្ឋកិច្ច គឺមានវិបត្តិចន្លោះពី៣ទៅ៥ឆ្នាំ ហើយតាមស្ថានភាពនៅលើពិភពលោក សេដ្ឋកិច្ចតែងតែងើបឡើងវិញ នៅក្នុងអំឡុងរយៈពេលដូចគ្នានេះ។ លោកបន្តថា សម្តេចធិបតីហ៊ុន ម៉ាណែតដែលបានទៅទស្សនកិច្ច នៅក្រៅប្រទេសបានខិតខំ ទាក់ទាញអ្នកវិនិយោគមកកម្ពុជា ស្របពេលស្ថេរភាពនយោបាយរបស់យើង គឺជាកត្តាសំខាន់ ពិសេសការរីកចម្រើនសេដ្ឋកិច្ច គឺមានភាពវិជ្ជមានសម្រាប់កម្ពុជា ព្រោះធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោកបានព្យាករណ៍ សេដ្ឋកិច្ចកម្ពុជានឹងអាចសម្រេចបានកំណើនក្នុងរង្វង់៦ភាគរយ។ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ ការវិនិយោគលើផ្លូវល្បឿនលឿនភ្នំពេញ បាវិត នឹងជម្រុញសេដ្ឋកិច្ច ឲ្យមានការរីកចម្រើនផងដែរ។
ទាក់ទងតំបន់អរិយក្សត្រ លោកអ៊ា ចរិយាបានបន្តថា ការបង្កើតក្រុងអរិយក្សត្រ ដែលបានកាត់ចេញពីស្រុកខ្សាច់កណ្តាល និងល្វាឯម ដែលមានសង្កាត់ចំនួន១១ ការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងឆាប់រហ័សជាងមុន។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ក៏មានការរីកចម្រើនលឿន ការសិក្សាពីក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ ដូចជាគំរោងសាងសង់ លំនៅដ្ឋានតម្លៃសមរម្យរបស់ក្រុមហ៊ុនរបស់ឧកញ៉ាឃុន សៀ ដែលគ្រោងវិនិយោគទឹកប្រាក់៤០០០លានដុល្លារអាមេរិក នឹងធ្វើឲ្យមានការផ្លាស់ប្តូរមុខមាត់ក្រុងនេះផងដែរ។លោកបន្តថា ជាមួយគ្នានេះ ក៏មានក្រុមហ៊ុនធំៗបានសិក្សាដែលនឹងចូលមកកាន់ទីក្រុងនេះនាពេលខាងមុខ ហើយភាពអំណោយផលនៃទីតាំងជាប់នឹងរាជធានីភ្នំពេញ ពិសេសការសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ ដែលនឹងសាងសង់នាពេលខាងមុខ អាចនឹងធ្វើឲ្យការអភិវឌ្ឈទីក្រុងនេះលឿន និងឆាប់រហ័ស ស្របពេលក្រុងកំពុងរៀបចំប្លង់គោលអភិវឌ្ឈន៍ និងការរៀបចំប្លង់ប្រព័ន្ឋដីធ្លីរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ។
លោកចរិយាបានបន្តថា ការអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ឋងាយស្រូល និងជម្រុញឲ្យមានការកើនឡើងតម្លៃដីធ្លី ពិសេសការវិនិយោគនៅទីក្រុងនេះ ជាជម្រើសដ៏ល្អ ដែលទីក្រុងនេះនឹងមានការផ្លាស់ប្តូរច្រើន នៅពេលដែលមានការសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េពីរាជធានីភ្នំពេញនាពេលខាងមុខ៕