ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជាគ្រោងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីគោះទ្វារអ្នកធុរកិច្ចអាមេរិក មកធ្វើការវិនិយោគនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុលអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងបែបនេះក្នុងជំនួបជាមួយលោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា កាលពីថ្ងៃទី២២ កុម្ភៈកន្លងមកនេះ។
លោកឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនជាព័ត៌មានដល់គណៈប្រតិភូ អំពីគម្រោងគោះទ្វាវិនិយោគ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដើម្បីធ្វើយ៉ាងណាអាចឱ្យកម្ពុជាទាក់ទាញបន្ថែមទៀត វិនិយោគិនរបស់សហរដ្ឋអាមេរិក ចូលមកវិនិយោគបន្ថែមលើក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការស្រាប់នៅកម្ពុជា។
ក្នុងឱកាសនៃជំនួបសម្ដែងការគួរសម ពីសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន អំពីទស្សនវិស័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើការលើកកម្ពស់ប្រព័ន្ធបច្ចេកវិទ្យា ដោយមានការធ្វើទំនើបកម្មប្រព័ន្ធចុះ បញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់(QIP) ក្នុងគោលដៅសម្រួលដល់វិនិយោគិនក្នុងការស្នើសុំគម្រោងវិនិយោគ តាមរយៈប្រព័ន្ធអនឡាញឱ្យបានកាន់តែប្រសើរ។
សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ គឺជាអង្គការឯករាជ្យមិនស្វែងរកប្រាក់ចំណេញ មានសមាជិកប្រមាណ២៤០ក្រុមហ៊ុន ដែលក្នុងនោះមានក្រុមហ៊ុនពីសហរដ្ឋអាមេរិក និងកម្ពុជាជាសមាជិកផងដែរ ដើម្បីលើកកម្ពស់កាលានុវត្តភាពពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ រវាងប្រទេសទាំងពីរ៕