Hattha top Banner

ធនាគារកណ្តាលចិនដាក់ចេញវិធានការថ្មីដើម្បីស្តារសេដ្ឋកិច្ច និងទំនុកចិត្តលើទីផ្សារអចលនទ្រព្យ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ធនាគារកណ្តាលចិន បានកាត់បន្ថយអត្រាការប្រាក់លើកម្ចីមូលដ្ឋានរយៈពេល៥ឆ្នាំ ជាលើកដំបូងមិនធ្លាប់ គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ ដើម្បីជំរុញឱ្យវិស័យអចលនទ្រព្យស្ទុះងើបឡើងវិញ។

ចំណាត់ការនេះ ​គឺជា​សញ្ញា​មួយ​ដែល​បង្ហាញថា រដ្ឋាភិបាល​ចិន ​កំពុង​បង្កើន​ការ​គាំទ្រ ​ដល់​វិស័យ​អចលន​ទ្រព្យ ដើម្បីស្តារ​ទំនុក​ចិត្ត​របស់​ប្រជាជន និង​អ្នក​វិនិយោគ ​តាមរយៈការដាក់ចេញវិធានការជំរុញ​សេដ្ឋកិច្ចជាបន្តបន្ទាប់។

ជាក់ស្តែង អត្រាការប្រាក់លើកម្ចីមូលដ្ឋានរយៈពេល៥ឆ្នាំ ត្រូវបានបញ្ចុះ០,២៥ភាគរយ មកនៅសល់ត្រឹម៣,៩៥ភាគរយ។ នេះជាលើកទីមួយហើយ ដែលធនាគារកណ្តាលចិន បានបញ្ចុះអត្រាការប្រាក់លើកម្ចីមូលដ្ឋានរយៈពេល៥ឆ្នាំ គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣មក។ជាមួយគ្នានេះ ធនាគារកណ្តាលចិន គ្រោងនឹងអនុញ្ញាតឱ្យទីក្រុងនានា កាត់បន្ថយអត្រាការប្រាក់លើកម្ចីទិញផ្ទះអប្បបរមា ដែលជាផ្នែកមួយ នៃវិធានការជំរុញឱ្យតម្រូវការ នៅក្នុងទីផ្សារអចលនទ្រព្យអាចស្ទុះងើបឡើងវិញ។

កាលពីពេលកន្លងទៅ ប្រទេសចិនបានកាត់បន្ថយតម្រូវការសមាមាត្រទុនបម្រុង សម្រាប់ធនាគាររបស់ខ្លួន ចំនួន៥០ពិន្ទុមូលដ្ឋាន ចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ដើម្បីផ្តល់ប្រាក់១ទ្រីលានយ័ន (ប្រហែល១៣៩,៨ពាន់លានដុល្លារ) ជាដើមទុនរយៈពេលវែង ព្រមទាំងជំរុញឱ្យធនាគារនានាផ្តល់ប្រាក់កម្ចី ដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលមានគុណភាពខ្ពស់ផងដែរ។

ទោះជាយ៉ាងណាក្តី អ្នកវិនិយោគនៅតែបន្តចង់ឃើញចំណាត់ការច្បាស់លាស់របស់ទីក្រុងប៉េកាំង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស ការស្តារទំនុកចិត្ត តម្រូវការរបស់អ្នកប្រើប្រាស់ និងការជំរុញសន្ទុះនៃការចំណាយរបស់ប្រជាជន។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីចិន លោក Li Qiang  បានមានប្រសាសន៍ឱ្យដឹងថា រដ្ឋាភិបាលចិននឹងខិតខំកាន់តែខ្លាំង និងប្រកប ដោយប្រសិទ្ធភាព ដើម្បីធ្វើយ៉ាងណាឱ្យអ្នកប្រើប្រាស់ និងអ្នកវិនិយោគ កាន់តែមានទំនុកចិត្តលើទស្សនវិស័យ សេដ្ឋកិច្ចចិនក្នុងឆ្នាំ២០២៤នេះ៕ប្រភព៖CNBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here