Hattha top Banner

អគារកប់ពពកHuanggang Skyscraper របស់ចិនគ្រោងបញ្ចប់ការសាងសង់ត្រឹមឆ្នាំ២០២៥ខាងមុខ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីឈ្មោះ Aedas ដែលមានទីស្នាក់ការនៅទីក្រុងហុងកុង កំពុងរចនាអគារ​កប់ពពកថ្មី​មួយទៀតនៅទីក្រុងShenzhen ដែលមានឈ្មោះថា Huanggang Skyscraper។

ដោយឈរនៅកម្ពស់២៤៧ម៉ែត្រ ប៉មនេះនឹងក្លាយជាច្រកផ្លូវទៅកាន់តំបន់ Greater Bay Area និងកំពង់ផែ Huanggang ដែលជាចំណុចច្រកចូលរវាងទីក្រុង Shenzhen និងទីក្រុងហុងកុង។

តំបន់ Great Bay Area ដែលគ្របដណ្ដប់លើទីក្រុងហុងកុង ម៉ាកាវ និងផ្នែកខ្លះនៃខេត្តក្វាងទុង  ភាគអាគ្នេយ៍របស់ប្រទេសចិន ស្ថិតតាមបណ្តោយទន្លេគុជ (Pearl River) ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការជាតិរបស់ប្រទេសចិន ដើម្បីអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំបំផុតនៅក្នុងតំបន់។

ក្រុមការងារខាងរចនាអគារនេះ បានបង្ហាញក្តីសង្ឃឹមថា ពួកគេនឹងបញ្ចូលទេសភាពជុំវិញ ទីក្រុងទៅក្នុងស្ថាបត្យកម្ម ដោយទាញការបំផុសគំនិតពីការផ្គុំថ្ម និងទឹកទន្លេដែលកំពុងហូរ។ ស្ថាបត្យករនឹងរចនាសួនច្បារ នៅលើដំបូលអគារ និងមានរចនាបថស្រដៀងនឹងទឹកហូរ។ ចំណែក ដំបូលសំយ៉ាបអគារនៅច្រកចូល និងមានរចនាបថដូចជា ទឹកដែលកំពុងជះសាច។

នៅពេលឈានជើងចូលទៅក្នុងអគារ Huanggang Skyscraper អ្នកទស្សនានឹងត្រូវបានស្វាគមន៍ នៅត្រង់កន្លែងទទួលភ្ញៀវជាន់ផ្ទាល់ដី ដែលមានកម្ពស់១៣ម៉ែត្រនៅក្នុងអគារ និងរចនាដោយក្រុមហ៊ុនAedas ជាមួយនឹងកញ្ចក់ថ្លា ដែលអាចស្រូបពន្លឺថ្ងៃបាន។

អគារ Huanggang Skyscraper នេះមានទំហំផ្ទៃក្រឡាសរុបចំនួន១៦៣.៣៦៨ម៉ែត្រការ៉េ ខណៈការិយាល័យការងារសាធារណៈនៃរដ្ឋបាលក្រុង Shenzhen គឺជាអ្នកទទួលខុសត្រូវលើការសាងសង់គម្រោងអគារកប់ពពកមួយនេះ។

ក្រោយពីសាងសង់បញ្ចប់រួចរាល់នៅឆ្នាំ២០២៥ អគារនេះនឹងក្លាយទៅកន្លែងធ្វើការ របស់បុគ្គលិកការិយាល័យកំពង់ផែ ច្រកចូល-ចេញនៃរដ្ឋបាលប្រជាជនក្រុង Shenzhen គយក្រុង Shenzhen និងស្ថានីយ៍អធិការកិច្ចព្រំដែនច្រកចេញ- ចូលទូទៅនៃក្រុង Shenzhen៕

LEAVE A REPLY

Please enter your comment!
Please enter your name here