ដោយ: គង់ លាងហួរ
អន្តរជាតិ: កាលបរិច្ឆេទនៃការចាប់ផ្តើម បើកដំណើរការរថភ្លើងល្បឿនលឿនថ្មី ដែលនឹងធ្វើដំណើរពីទីក្រុងតូក្យូ ទៅកាន់ទីក្រុង Nagoya ប្រទេសជប៉ុន កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើង។
ភាពមិនច្បាស់លាស់នេះកើតឡើង ដោយសារតែជម្លោះបរិស្ថាន ដែលបន្តអូសបន្លាយជាយូរណាស់មកហើយរវាងក្រុមហ៊ុន ជាមួយរដ្ឋបាលខេត្ត Shizuoka ដែលបានធ្វើឱ្យគម្រោងនេះនៅជាប់គាំង។
-->
គម្រោងនេះមានឈ្មោះថា Linear Chuo Shinkansen និងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Central Japan Railway។ គម្រោងនេះគ្រោងនឹងតភ្ជាប់ទីក្រុងតូក្យូ និងទីក្រុងអូសាកា ជាមួយនឹងរថភ្លើង ដែលអាចរត់បានក្នុងល្បឿន៥០០គីឡូម៉ែត្រក្នុងមួយម៉ោង។
ជាមួយគ្នានេះ គម្រោងខាងលើត្រូវបានចែកចេញ ជា២ដំណាក់កាល ដែលដំណាក់កាលទី១ គឺការសាងសង់កំណាត់ផ្លូវដែកពីទីក្រុងតូក្យូ ទៅទីក្រុង Nagoya ដើមឡើយគ្រោងនឹងបញ្ចប់ នៅឆ្នាំ២០២៧ ប៉ុន្តែពេលនេះ វាអាចត្រូវពន្យារពេល បន្ទាប់ពីមានជម្លោះរវាងប្រតិបត្តិកររថភ្លើង និងរដ្ឋបាលក្នុងតំបន់ ខណៈដំណាក់កាលទី២ គឺការសាងសង់កំណាត់ផ្លូវដែកពីទីក្រុង Nagoya ទៅទីក្រុង Osaka ដែលគ្រោងបញ្ចប់នៅឆ្នាំ២០៣៧។
កំណាត់ផ្លូវរថភ្លើងTokyo-Nagoyaនេះ មានប្រវែង២៩០ គីឡូ ម៉ែត្រ ដែលជាផ្នែកមួយនៃខ្សែរថភ្លើងតូក្យូ-អូសាកា ដែលមានប្រវែងសរុប៥០០គីឡូម៉ែត្រ។
ប្រសិនបើគម្រោងតម្លៃ៦០ពាន់លានដុល្លារមួយនេះ ត្រូវបានសាងសង់បញ្ចប់ នោះគេរំពឹងថា វានឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរ ពីទីក្រុងតូក្យូ ទៅទីក្រុងNagoya មកនៅត្រឹម៤០នាទី និង៦៧នាទី ពីរដ្ឋធានីតូក្យូទៅទីក្រុងOsaka ខណៈការធ្វើដំណើរបច្ចុប្ប ន្នតាមរថភ្លើងshinkansen ត្រូវចំណាយពេលវេលាច្រើនជាងនេះឆ្ងាយណាស់។
គម្រោងរថភ្លើងថ្មីនេះ ប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត ដោយប្រើកំលាំងអេឡិចត្រូម៉ាញ៉េទិច ដើម្បីធ្វើឱ្យខ្សែរថភ្លើងអាចអណ្ដែតផុតពីផ្លូវរថភ្លើងបន្ដិច ប្រហែល១០សង់ទីម៉ែត្រពីលើផ្លូវដែក។
គម្រោងនេះត្រូវបានស្នើឡើង ចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ។ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី កាលបរិច្ឆេទបើកដំណើរការអាចនឹងប្រែប្រួល ឬយឺតយ៉ាវ បន្ទាប់ពីរដ្ឋបាលខេត្ត Shizuoka ស្នើសុំឱ្យពន្យារពេលការដ្ឋានសាងសង់ ដោយមានការបារម្ភរឿងផលប៉ះពាល់បរិស្ថាន។
ក្រោយពេលបញ្ចប់ការសាងសង់ រថភ្លើងនេះនឹងរត់ជាខ្សែត្រង់ ពុះកាត់ជួរភ្នំអាល់របស់ប្រទេសជប៉ុន ដូច្នេះចំនួន៩០% នៃផ្លូវរថភ្លើងប្រវែង៥០០គីឡូម៉ែត្រនេះ ភាគច្រើនគឺជាផ្លូវរូងក្រោមដី៕