ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈកាសែត Bloomberg បានរាយការណ៍ថា អភិបាលធនាគារកណ្តាលអាមេរិក (Fed) លោក Christopher Waller ជាបេក្ខជន ដែលអាចមកជំនួសតំណែងជាប្រធានធនាគារ Fed របស់លោក Jerome Powell ដែលនឹងត្រូវអាណត្តិនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២៩ភាគរយដល់៣.៣៨៧ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង១,១៧ភាគរយដល់៣៤៩៤,២ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៣២នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩២,៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។






