អ្នកឧកញ៉ាសំ សុខនឿនបង្ហាញសុទិដ្ឋិនិយមកាន់តែខ្លាំងទាក់ទងអត្រាពន្ឋគយចុះមកនៅត្រឹម១៩ភាគរយ

0

ដោយៈ គង់ សិរីម៉ាលីនណា

    ភ្នំពេញៈ អ្នកឧកញ៉ាសំ សុខនឿន ប្រធាន​សម្ព័ន្ធក្រុមហ៊ុន SAM SN Group បានថ្លែងថា ការទម្លាក់អត្រាពន្ធរបស់សហរដ្ឋអាមេរិកមកនៅត្រឹម១៩% នេះគឺជារឿងល្អមែនទែន សម្រាប់ប្រជាពលរដ្ឋខ្មែរ និងសេដ្ឋកិច្ចរបស់កម្ពុជា។

កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ សហរដ្ឋអាមេរិក បានសម្រេចកំណត់ការយកពន្ធ លើទំនិញនាំចូលរបស់កម្ពុជាត្រឹម ១៩ ភាគរយ (ពោលគឺថយចុះ៣០% ប្រៀបធៀបជាមួយអត្រាពន្ធពីដំបូង ៤៩%)។

អ្នកឧកញ៉ាសំ សុខនឿនបានបញ្ជាក់ថា “ការយកពន្ធក្នុងតម្លៃទាបបែបនេះ នឹងធ្វើឲ្យកម្ពុជាទទួលបានការវិនិយោគ បន្ថែមពីអ្នកវិនិយោគកាន់តែច្រើនថែមទៀត ដែលវានឹងក្លាយជាកម្លាំងចលករដ៏សំខា​ន់ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ច”។

អ្នកឧកញ៉ាបានបន្តទៀតថា ការទម្លាក់អត្រាពន្ធមកនៅត្រឹម១៩ភាគរយនេះ គឺជាអត្រាមួយដ៏ល្អ ដើម្បីទាក់ទាញអ្នកវិនិយោគផ្នែកឧស្សាហកម្ម រោងចក្រ និងសហគ្រាសផ្សេងៗ ដើម្បីធ្វើការវិនិយោគបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា។ មិនត្រឹមតែការវិនិយោគថ្មីនោះទេ ប៉ុន្ដែយើងក៏អាចទាក់ទាញរោងចក្រ សហគ្រាសធំៗជាច្រើនពីប្រទេសដទៃ ដូចជាចិនអាចនឹងធ្វើការផ្លាស់ប្ដូរ ទីតាំងមកដាក់នៅកម្ពុជា ឬក៏បន្ថែមសាខានៅក្នុងប្រទេសកម្ពុជាផងដែរ។

អ្នកឧកញ៉ាបន្ដថា “អំឡុងពេលនេះ ខ្ញុំជឿថានៅតាមបណ្ដាប្រទេ​សជិតខាងមួយចំនួន ក៏នឹងមានរោងចក្រសហគ្រាស ធ្វើការប្ដូរទីតាំងមកដាក់នៅកម្ពុជាដូចគ្នាដែរ បើទោះបីជាប្រទេសខ្លះបានអត្រាពន្ធ ១៩% ដូចកម្ពុជាក្ដី”។

អ្នកឧកញ៉ាអះអាងបែបនេះ ព្រោះដោយសារលក្ខខណ្ឌប្រទេសយើងមានភាពងាយស្រួលជាង ហើយរាជរដ្ឋាភិបាលមានការស្វាគមន៍ និងមានការលើកទឹកចិត្ដ ផ្នែកពន្ធផ្សេងៗជាច្រើន សម្រាប់អ្នកវិនិយោគដែលចូលមកបណ្ដាក់ទុនធ្វើរោងចក្រ សហគ្រាសនៅប្រទេសកម្ពុជា។

អ៊ីចឹងអត្រាពន្ធទាបនេះ នឹងធ្វើឲ្យទាក់ទាញអ្នកវិនិយោគជាច្រើនទៀតចូលមកប្រទេសកម្ពុជា ហើយនឹងធ្វើឲ្យសេដ្ឋកិច្ចកាន់តែប្រសើរឡើង។

អ្នកឧកញ៉ារូបនេះបន្ថែមថា កាលណាយើងទទួលបានការវិនិយោគច្រើនពីប្រទេសដទៃ នោះយើងនឹងសម្បូរនូវសួនឧស្សាហកម្ម រោងចក្រ សហគ្រាស នោះប្រជាពលរដ្ឋនឹងសម្បូរការងារធ្វើ ប្រាក់ចំណូលកើនឡើង។

អ្នកឧកញ៉ាបានបន្តថា នៅពេលដែលសហគ្រាស ឬសួនឧស្សាកម្មធំៗ ចូលមកច្រើន នោះតម្រូវការដីធ្លី សម្រាប់សាងសង់រោងចក្រ និងសួនឧស្សាហកម្មនឹងមានតម្រូវការខ្ពស់។ ដូច្នេះដីធ្លីអាចនឹងងើបឡើងវិញដែរនាពេលអនាគតខាងមុខ។ មួយទៀតនៅពេលសេដ្ឋកិច្ចយើងកើនឡើង នោះពលរដ្ឋនឹងមានចំណូលច្រើន ហើយពួកគាត់នឹងធ្វើការទិញលំនៅឋាន ដីធ្លី ការិយាល័យ ឬក៏តម្រូវផ្សេងទៀត អ៊ីចឹងអាចនឹងធ្វើឲ្យវិស័យអចលនទ្រព្យនឹងមានការកើនឡើង។

អ្នកឧកញ៉ា សំ សុខនឿន បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ វិស័យអចលនទ្រព្យនៅកម្ពុជា នៅមិនទាន់មានភាពល្អប្រសើរដូចមុនឆ្នាំ២០១៩ នៅឡើយនោះទេ បើទោះបីបច្ចុប្បន្នមានតម្រូវការល្អទៅលើដីកសិកម្ម ដីសួនឧស្សាហកម្មក៏ដោយ។

យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា កាលពីឆ្នាំ២០២៤ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្ម ១០.១៨ពាន់លានដុល្លារ កើនឡើង១១.២% ក្នុងនោះ កម្ពុជានាំចេញទៅអាមេរិកក្នុងតម្លៃ៩.៩ពាន់លានដុល្លារ (ទីផ្សារនាំចេញធំជាងគេ) កើនឡើង ១១.៤% ខណៈអាមេរិកនាំចូលកម្ពុជាវិញ ក្នុងតម្លៃ ២៦៤.១៤លានដុល្លារ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here