ក្រុមហ៊ុនចិនធំមួយWUXI Capital Group Co,Ltd គ្រោងបណ្តាក់ទុនវិនិយោគនៅខេត្តព្រះសីហនុ

0

ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបពិភាក្សាការងារ ជាមួយគណប្រតិភូចិនដឹកនាំដោយលោក ZHANG WEIMIN អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Wuxi Capital Group Co,Ltd ដើម្បីស្វែងយល់ពីស្ថានភាពអភិវឌ្ឍ របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ។

គោលបំណងនៃការអញ្ជើញរបស់គណៈប្រតិភូ មកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីស្ថានភាព សេដ្ឋកិច្ច សក្តានុពលរបស់ខេត្ត និងជាពិសេសតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ។

លោកអភិបាលរងខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសរស់ប្រកបដោយសុខុដុមរមនា ដែលមានប្រជាពលរដ្ឋចម្រុះជាតិសាសន៍ ប្រកបរបរគ្រប់ប្រភេទ ហើយក្នុងនោះមានជនជាតិចិន ដែលលេចធ្លោជាងគេ។ ក្នុងជំនួបនេះ លោកអភិបាលរងបានជម្រាបជូន គណៈប្រតិភូអំពី ភាពខ្លាំងរបស់ខេត្តព្រះសីហនុ ដែលមានផែនការមេប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង​ និង​កម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុឆ្នាំ២០២៤។

ខេត្តព្រះសីហនុ នឹងប្រែក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញ ​ពហុមធ្យោ​បាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ប្រណិត ជាពិសេសជាទីក្រុងវៃឆ្លាតនាំមុខ។

លោកអភិបាលរងបានសង្កត់ធ្ងន់ថា “ខេត្តព្រះសីហនុ ជាខេត្តដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា ហើយឆ្នាំ២០២៤នេះជា ពេលវេលាដ៏ល្អបំផុត សម្រាប់ការបណ្តាក់ទុនវិនិយោគ”។

លោកអនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Wuxi Capital Group Co,Ltd បានលើកឡើងថា ឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងពីរ និងជាខួបលើកទី៦៦ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន នេះជាការឆ្លនេះជាការឆ្លុះបញ្ចាំង ពីទំនាក់ទំនងល្អរវាងប្រជាជននៃប្រទេសទាំង២។

បើតាមការសង្កេតរបស់លោក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនខ្លាំង។ ទន្ទឹមនឹងនេះ គណៈប្រតិភូក៏បានស្វែងយល់ ពីគោលនយោបាយ​វិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគ នៅតំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ក្រុមហ៊ុនរបស់ប្រទេសចិនមានគម្រោងសហការជាមួយក្រុមហ៊ុន Wuxi វិនិយោគនៅខេត្តព្រះសីហនុ ដោយសម្លឹងឃើញភាពទាក់ទាញ របស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានដូចជា៖ ទី១.ទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា។ ទី២.ជាសមិទ្ធផល នៃចំណងមិត្តភាព សាមគ្គីភាពកម្ពុជា-ចិន ។ ទី៣.តំបន់សេដ្ឋកិច្ចពិសេសមានលទ្ធផលផ្លែផ្កា និង ទី៤. កាលានុវត្តភាពយ៉ាងខ្លាំងក្នុងការវិនិយោគ និងដឹកជញ្ជូន។

ទីក្រុង Wuxi បានចងសម្ព័ន្ធភាពជាមួយក្រុងព្រះសីហនុ  ហើយកាន់តែពិសេសជាងនេះទៀត ខេត្តជាំងស៊ូក៏បានចងសម្ព័ន្ធភាពជាមួយខេត្តព្រះសីហនុផ្តោតលើវិស័យអប់រំ សុខា ភិបាល និងវប្បធម៌៕

LEAVE A REPLY

Please enter your comment!
Please enter your name here