មហាសេដ្ឋីអចលនទ្រព្យហុងកុងខាតបង់អស់ទ្រព្យសម្បត្តិយ៉ាងច្រើន ស្របពេលតម្លៃភាគហ៊ុនដាំក្បាលចុះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋី នៃទីក្រុងហុងកុងជាច្រើនរូបបានដាំក្បាលចុះ ក្នុងឆ្នាំ២០២៤នេះ ស្របពេលដែលផ្សារហ៊ុនបានបន្តធ្លាក់ថ្លៃចុះ និងភាពជាប់គាំងនៃទីផ្សារអចលនទ្រព្យនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ។

តួយ៉ាងទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋីលំដាប់ទី១ លោក Li Ka-shing បានធ្លាក់ចុះមកនៅត្រឹម៣៦,២ពាន់លានដុល្លារ ពី៣៩ពាន់លានដុល្លារកាលពីឆ្នាំមុន។ ភាគហ៊ុនរបស់ក្រុមហ៊ុន CK Asset Holdings របស់លោក Li បានធ្លាក់ថ្លៃចុះយ៉ាងគំហុក ដោយសារក្រុមហ៊ុនបានបញ្ចុះតម្លៃគម្រោងលំនៅដ្ឋាន ដើម្បីជំរុញតម្រូវការ។

ជាមួយគ្នានេះ មហាសេដ្ឋីអចលនទ្រព្យលោក Lee Shau Kee នៅតែបន្តឈរនៅលេខរៀងទី២ ទោះបីជាទ្រព្យសម្បត្តិសុទ្ធរបស់លោក បានធ្លាក់ចុះដល់២៧ពាន់លានដុល្លារ ពី៣០,៣ពាន់លានដុល្លារកាលពីឆ្នាំមុនយ៉ាងណាក្តី។

ភាគហ៊ុននៃក្រុមហ៊ុន Henderson Land របស់លោកLee បានដាំក្បាលចុះ៣០ភាគរយនៅក្នុងទីផ្សារ បើទោះបីជាអាជីវកម្មសណ្ឋា​គាររបស់ក្រុមហ៊ុនមួយនេះ មានដំណើរការល្អប្រសើរយ៉ាងណាក្តី។

ចំណាត់ថ្នាក់លេខ៣ បានទៅលើលោក Henry Cheng ប្រធានក្រុមហ៊ុនអចលនទ្រព្យ New World Development ទ្រព្យសម្បត្តិរបស់លោក បានធ្លាក់ចុះជិត៧ពាន់លានដុល្លារ មកនៅត្រឹម២២,១ពាន់លានដុល្លារ ដែលជាការធ្លាក់ចុះដ៏ធំបំផុត ក្នុងឆ្នាំនេះគិតជាប្រាក់ដុល្លារ។

រីឯ បងប្អូនបង្កើតត្រកូលLee ចំនួន៥នាក់ ដែលជាកូនរបស់លោកLee Man Tat ស្ថាបនិកក្រុមហ៊ុនផលិតទឹកជ្រលក់ LKK Group បន្តរក្សាបានចំណាត់ថ្នាក់លេខ៤ ដោយទ្រព្យសម្បត្តិសុទ្ធសរុបរបស់ពួកគេ បានធ្លាក់ចុះដល់១៧,៧ពាន់លានដុល្លារ បើធៀបនឹង១៩,៣ពាន់លានដុល្លារកាលពីឆ្នាំមុន។

ចំណែក កំពូលមហាសេដ្ឋីហុងកុងលំដាប់ទី៥ គឺលោក Peter Woo ប្រធានក្រុមហ៊ុនអចលនទ្រព្យ Wheelock & Co. ខណៈដែលទ្រព្យសម្បត្តិរបស់លោកបច្ចុប្បន្ន មានចំនួន១៣,៧ពាន់លានដុល្លារ ដោយធ្លាក់ចុះពី១៦,៩ពាន់លានដុល្លារកាលពីមុន។

វិបត្តិទីផ្សារអចលនទ្រព្យនៅទីក្រុងហុងកុង បានអូសទាញឱ្យភាគហ៊ុន នៃក្រុមហ៊ុនអចលនទ្រព្យដាំក្បាលចុះ និងធ្វើឱ្យមហាសេដ្ឋីជាច្រើនខាតបង់ទ្រព្យសម្បត្តិអស់យ៉ាងច្រើន។

ជាមួយគ្នានេះ ទីផ្សារលំនៅដ្ឋានក្នុងទីក្រុងហុងកុង នៅតែបន្តរងផលប៉ះពាល់ខ្លាំង ដោយសារកម្រិតអត្រាការប្រាក់ដ៏ខ្ពស់ អំណាចនៃការទិញមិនគ្រប់គ្រាន់ និងការផ្គត់ផ្គង់លើសតម្រូវការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here