ដោយ ÷ សហការី
ភ្នំពេញ :ថ្ងៃទី 24 ខែកុម្ភៈ: 2024 នៅសណ្ឋាគារ Sun and Moon មានរៀបចំកម្មវិធី “ស្វែងយល់ពីកម្ពុជា” ទៅដល់ក្រុមអ្នកវិនិយោគ ៤០ នាក់ ក្រោមការសហការរវាងឧកញ្ញ៉ា ស៊ ធីតា និង AREAA Global ដែលជាស្ថាប័នមួយមានសមាជិក 18,000 នាក់នៅក្នុងសហរដ្ឋអាមេរិក ចែកចេញជា 51 ជាតិសាសន៍ និងនិយាយ 26 ភាសា។ ប្រតិភូមកពី AREAA Global ដឹកនាំដោយ លោក Allen Chiang ប្រធាន AREAA Global លោកស្រី Carmen Chong នាយកប្រតិបត្តិ AREAA Global ព្រមទាំងសមាជិកជាច្រើននាក់ទៀត។
កម្មវិធី “ស្វែងយល់ពីកម្ពុជា” បង្កើតឡើងក្នុងគោលបំណងណែនាំអ្នកវិនិយោគអន្តរជាតិពី សក្កានុពលសម្រាប់វិនិយោគនៅកម្ពុជាជាពិសេសក្នុងវិស័យអចលនទ្រព្យ ដែលមានបរិយាកាសអំណោយផលជាច្រើនទាំងកត្តាធម្មជាតិ កត្តាភូមិសាស្ត្រ និងកត្តានយោបាយ។ កម្មវិធីនេះក៏បានណែនាំអំពីច្បាប់ ប្រព័ន្ធពន្ធដារ និងភាពងាយស្រួលនៃការផ្ទេរប្រាក់ ដែលត្រូវបានបង្ហាញ ដោយអ្នកជំនាញក្នុងស្រុកមកពីស្ថាប័ន ផ្សេងៗដូចជា ក្រុមហ៊ុនអចលនទ្រព្យ Royal 5G Co, Ltd, ក្រុមហ៊ុន Phillip Trustee (Cambodia) Co. Ltd, ធនាគារ វីង ភីអិលស៊ី និង ក្រុមហ៊ុន Bun & Associates ជាដើម។ គណៈប្រតិភូអន្តរជាតិក៏បាន ទៅទស្សនា និងស្វែងយល់ពីការរីកលូតលាស់យ៉ាងឆាប់រហ័សនៃទីក្រុងភ្នំពេញ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យនានា តំបន់ទេសចរណ៍ ព្រមទាំងសិល្បៈ និងវប្បធម៌ខ្មែររផងដែរ។
ក្នុងពិធីជប់លៀងអាហារពេលល្ងាច AREAA Global បានប្រកាសតែងតាំងឧកញ៉ា ស៊ ធីតា ជាប្រធានប្រតិបត្តិនៃ AREAA Global Cambodia
ជាផ្នែកមួយដើម្បីតភ្ជាប់ឱកាសវិនិយោគរវាងប្រទេសកម្ពុជាទៅកាន់ សហរដ្ឋអាមរិក និង ទៅកាន់ពិភពលោក និងតែងតាំងគណៈគ្រប់គ្រងមួយក្រុមរួមមាន លោកស្រី តាំង ហ៊ួរ ជាអនុប្រធាន លោកស្រី ប៊ុន សូញ្ញ៉ា លោកស្រី ចេវ សុឃុន លោកស្រី ហេឡេន គីម (Helen Kim) និង លោក ម៉ាទីន យ៉ៅ (Martin Yau) ជាសមាជិក ដើម្បីជួយសម្របសម្រួល ដឹកនាំ និង តំរង់ទិស។