ប្រធានសមាគមមគ្គុទេសក័ទេសចរណ៍ស្នើរដ្ឋាភិបាលកែប្រែចំនួន៧ចំណុចដើម្បីទាក់ទាញភ្ញៀបអន្តរជាតិ

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ប្រធានមគ្គទេសក៍ទេសចរណ៍អង្គរ លោកខៀវ ធីបាន

លើកឡើង នូវចំណុចអវិជ្ជមានចំនួន៧ ដែលត្រូវពង្រឹងនិងកែប្រែ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូល ទៅកម្សាន្តនៅខេត្តសៀមរាប។

ចំណុចទាំង៧នោះ រួមមានដូចជា ការពង្រឹងផ្នែកបដិសណ្ឋារកិច្ច បរិស្ថាន(សំរាមតាមដងផ្លូវ) គំនូសចរាចរណ៍ សណ្តាប់ធ្នាប់ការចតយានយន្ត ការកែច្នៃសួនច្បារតាមដងផ្លូវ និងវត្តអារាម ជាដើម។

លោក ខៀវ ធី ប្រធានសមាគមមគ្គទេសក៍ទេសចរណ៍អង្គរ បានពន្យល់នូវចំណុចនីមួយៗកាលពីពេលថ្មីៗនេះថា ការពង្រឹងផ្នែកសេវាកម្មបដិសណ្ឋារកិច្ច ចាប់ពីប៉ូលិស អន្តោប្រវេសន៍ អ្នកបើកបរ រត់តាក់ស៊ី អ្នកសេវាកម្មក្នុងសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ជាដើម ត្រូវចេះបង្កើនកិច្ចសហការ ញញឹមរួសរាយរាក់ទាក់ ដែលជាគន្លឹះ ធ្វើឱ្យអ្នកទេសចរមានក្តីសប្បាយរីករាយ កោតសរសើរ និងត្រឡប់នាំគ្រួសារមកលេងបន្តបន្ទាប់ទៀត។

ទន្ទឹមនឹងនេះ ទាក់ទងនឹងបញ្ហាបរិស្ថាន លោក ខៀវ ធី មើលឃើញថា បញ្ហាបរិស្ថាន សំរាម គឺជារឿងស្មុគស្មាញ ដែលពិបាកដោះស្រាយ។

លោកថ្លែងថា “នៅក្នុងប្រទេសយើង សំរាមពង្រាយគ្រប់ទីកន្លែង ធ្វើឱ្យយើងមានការអាម៉ាស់ចំពោះភ្ញៀវ..ជាក់ស្តែងបើយើងធ្វើដំណើរតាម ផ្លូវគោកពីភ្នំពេញ ទៅសៀមរាប ក្រលេកឃើញសំរាមនៅតាមដងផ្លូវច្រើនណាស់ ដែលធ្វើឱ្យអ្នកទេសចរវាយតម្លៃថា ស្រុកយើងគ្មានអនាម័យ និងវិន័យល្អ”។

បញ្ហានេះ លោកស្នើដល់អាជ្ញាធរ គួរដាក់ពិន័យ ឬបម្រាមកុំឱ្យមានការចោលសំរាមពាសវាលពាសកាល ហើយអាជ្ញាធរត្រូវសម្អាតនៅតាមមូលដ្ឋានខ្លួន ជាពិសេសនៅតាមផ្លូវជាតិ។

ជាមួយគ្នានេះ បញ្ហាគំនូសចរាចរណ៍ ក៏ជាផ្នែកមួយធ្វើឱ្យប៉ះពាល់ទៅដល់អ្នកទេសចរផងដែរ។

លោកខៀវ ធី លើកឡើងថា នៅតាមដងផ្លូវជាតិជាច្រើន មិនមានគំនូសចរាចរណ៍នោះទេ ខុសពីប្រទេសជិតខាង ថៃ វៀតណាម តាមដងផ្លូវប្រទេសគេ មានគំនូសច្បាស់ងាយស្រួលសម្រាប់អ្នកទេសចរធ្វើ​ដំណើរ ពីតំបន់មួយទៅតំបន់មួយទៀត។ ដូច្នេះក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំខេត្តនីមួយៗ គួរតែពង្រឹងលើបញ្ហានេះ ព្រោះហេដ្ឋារចនាសម្ព័នផ្លូវថ្នល់រលោងស្អាតហើយ ប៉ុន្តែខ្វះចន្លោះគំនូសផ្លូវឱ្យបានត្រឹមត្រូវ។

ចំណែកការចតយានយន្ត ពុំមានសណ្តាប់ធ្នាប់ និងលក់ដូរលើផ្លូវថ្មើរជើង ក៏ជាបញ្ហាប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ។

ប្រធានសមាគមមគ្គទេសក៍ទេសចរណ៍រូបនេះ មើលឃើញទៀតថា នៅតាមដងផ្លូវ និងតំបន់ទេសចរណ៍ មានសួនច្បារជាច្រើនខ្វែងខ្វាត់ ប៉ុន្តែខ្វះការយក​ចិត្តទុកដាក់ពីអាជ្ញាធរដែនដី ធ្វើឱ្យបាត់បង់សម្រស់សួន ដែលជាការទាក់ទាញទេសចរដ៏សំខាន់ផងដែរ។

ចំណុចចុងក្រោយដែលជាកន្លែង ទាក់ទាញទេសចរផងដែរនោះ គឺទីវត្តអារាម។

លោក ខៀវ ធី បានលើកឡើងថា ភ្ញៀវទេសចរបរទេសចូលចិត្តទស្សនាទីវត្តអារាម​ខ្លាំងណាស់។ នៅកម្ពុជា មានវត្តអារាមចំណាស់ជាច្រើន ដែលទាក់ទាញទេសចរ។ ប៉ុន្តែទីវត្តអារាមខ្លះ មានបរិស្ថានមិនល្អ បង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ និងប៉ះពាល់ដល់ទេសចរណ៍។

បើតាមប្រធានសមាគមមគ្គទេសក៍ទេសចរណ៍ វិស័យទេស​ចរណ៍មានកំណើនខ្ពស់ ចំណូលពន្ធដារក៏កើនឡើងពលរដ្ឋ អាចរកចំណូលបានច្រើន និងជួយកំណើនសេដ្ឋកិច្ចជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here