ក្រុមអ្នកវិភាគអះអាងថា គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិននឹងកាន់តែតឹងរ៉ឹង

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ស្របពេលដែលការបោះឆ្នោតជ្រើសរើស ប្រធានា​ធិបតីអាមេរិក នឹងចូលមកដល់នៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមអ្នកវិភាគ បានផ្តល់ទស្សនៈអំពីគោលនយោបាយ របស់សហរដ្ឋអាមេរិកចំពោះដៃគូប្រជែងដ៏ធំរបស់ខ្លួន គឺប្រទេសចិន។

តួយ៉ាង លោក Joshua Meltzer បុគ្គលិកជាន់ខ្ពស់នៅស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្ត្រសង្គម Brookings Institution បានលើកឡើងថា “រដ្ឋបាលលោក ចូ បៃដិន បានបន្តគោលនយោបាយរបស់លោក Donald Trump ក្នុងការដាក់ពន្ធគយលើទំនិញ ដែលនាំចូលមកពីប្រទេសចិន”។

រដ្ឋបាលលោក ចូ បៃដិន បានរឹតបន្តឹងការគ្រប់គ្រងការនាំចេញ ដើម្បីកាត់បន្ថយលទ្ធភាព របស់ទីក្រុងប៉េកាំងក្នុងការទិញ និងផលិតបន្ទះឈីបកម្រិតខ្ពស់មួយចំនួន និងបានទប់ស្កាត់មិនឱ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក បោះទុនវិនិយោគនៅប្រទេសចិនថែមទៀតផង។

ជាមួយគ្នានេះ ក្រុមមន្ត្រីអាមេរិក ក៏កំពុងខិតខំព្យាយាមជំរុញការពឹងផ្អែកលើខ្លួនឯងនៅក្នុងវិស័យ និងផ្នែកសំខាន់ៗ ដែល រួមមានដូចជា ខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលស្អាត និងសកម្មភាពលំហូរទិន្នន័យជាដើម។

លោក Meltzer បានវិភាគបន្តថា រដ្ឋបាលលោក ចូ បៃដិន មិនត្រូវបានគេរំពឹងថា នឹងឈានដល់កិច្ចព្រមព្រៀង ជាមួយប្រទេសចិន ដើម្បីធ្វើកំណែទម្រង់ និងការផ្លាស់ប្តូរសំខាន់ៗទាំងនេះនោះទេ។

លើសពីនេះ ទីក្រុងវ៉ាស៊ីនតោនក៏ទំនងជា នឹងរឹតបន្តឹងលើការផ្ទេរប្រភេទទិន្នន័យមួយចំនួន ទៅកាន់បណ្តាក្រុមហ៊ុន និងបណ្តាអង្គការនានានៅក្នុងប្រទេសចិនផងដែរ។

ចំណែក លោក Jamieson Greer ដៃគូនៅក្រុមហ៊ុនច្បាប់ King & Spalding បានមានប្រសាសន៍ឱ្យដឹងថា “លោក ចូ បៃដិន បានបង្ហាញឆន្ទៈ ក្នុងការរក្សាវិធានការ ដែលមានស្រាប់ទៅលើប្រទេសចិន ដូចដែលបានធ្វើនាពេលកន្លងមក”។

ប៉ុន្តែប្រសិនបើលោក Trump ជាប់ឆ្នោតម្តងទៀត អ្នកវិភាគរំពឹងថា រដ្ឋបាលរបស់លោក នឹងដាក់ទណ្ឌកម្មពន្ធគយដ៏ខ្ពស់ ទៅលើប្រទេសចិន ខណៈលោកTrump បានស្នើការយកពន្ធលើសពី៦០ភាគរយលើទំនិញ ដែលនាំចូលមកពីប្រទេសចិន។ ចំណាត់ការនេះអាចនាំឱ្យមានការសងសឹក ពីសំណាក់ទីក្រុងប៉េកាំង និងអាចនាំទៅដល់ភាពជាប់គាំង នៃពាណិជ្ជកម្មរវាងប្រទេសទាំង២។

សរុបមក ក្រុមអ្នកវិភាគរំពឹងថា វិធីសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងប៉េកាំង នឹងកាន់តែមានភាពតឹងរ៉ឹងជាងមុន មិនថា លោកចូ បៃដិន ឬអតីតប្រធានាធិបតីអាមេរិក លោក Donald Trump ជាអ្នកជាប់ឆ្នោតម្តងទៀតនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here