បណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន កំពុងដាក់ចេញគោលនយោបាយដើម្បីទាក់ទាញភ្ញៀវទេសចរមកពីប្រទេសអ្នកមាន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: បណ្តាប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ាន កំពុងប្រកួតប្រជែងគ្នាខ្លាំង ដើម្បីទាក់ទាញភ្ញៀវទេសចរ មកពីបណ្តាប្រទេ​សអ្នកមាន ក្នុងគោលដៅស្តារវិស័យទេសចរណ៍ ឱ្យស្ទុះងើបឡើងវិញទាំងស្រុង និងជំរុញសេដ្ឋកិច្ចជាតិរបស់ប្រទេសរៀងៗខ្លួន។

តួយ៉ាង កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានបញ្ជាឱ្យភ្នាក់ងារអន្តោប្រវេសន៍ គិតគូរពិចារណាលើកលែងទិដ្ឋាការ ចំពោះភ្ញៀវទេសចរមកពីបណ្ដាប្រទេសអ្នកមាន ដើម្បីលើកទឹកចិត្តឱ្យពួកគេស្នាក់នៅ ក្នុងរយៈពេលវែង ចាប់ពី៦ខែ ទៅដល់១២ខែ។

លោកPham Minh Chinh បានមានប្រសាសន៍ឱ្យដឹងថា បច្ចុ​ប្បន្ន ប្រទេសវៀតណាម គ្រោងលើកលែងទិដ្ឋាការ ចំពោះពលរដ្ឋមកពីបណ្តាប្រទេសអ្នកមានចំនួន១៣  ដែលរួមមាន ប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ អង់គ្លេស រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង ដាណឺម៉ាក ស៊ុយអែត ន័រវេស ហ្វាំងឡង់ និងបេឡារុស។

ទន្ទឹមគ្នានេះ លោក Pham Minh Chinh បានបញ្ជាឱ្យទីភ្នាក់ងារនានាពិចារណា លើការអនុវត្តគោលនយោបាយទិដ្ឋាការ រយៈពេលវែង ចន្លោះពី១២ ទៅ៣៦ខែ ក្នុងគោលបំណងទាក់ទាញជនបរទេស ដែលចូលនិវត្តន៍ និងមានទ្រព្យសម្បត្តិច្រើន មកពីតំបន់ប៉ែកអឺរ៉ុប អាស៊ីឦសាន អាមេរិកខាងជើង ឥណ្ឌា និងបណ្តាប្រទេសមជ្ឈិមបូព៌ាមួយចំនួនផងដែរ ។

ផែនការលើកលែងទិដ្ឋាការ របស់ប្រទេសវៀតណាម បានរៀបចំឡើង ស្របពេលដែលបណ្ដាប្រទេស នៅតំបន់អាស៊ាន ដូចជា ប្រទេសថៃ និងម៉ាឡេស៊ី កំពុងប្រកួតប្រជែងគ្នាខ្លាំង ដើម្បីស្រូបទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសគឺ ភ្ញៀវទេសចរមកពីប្រទេសចិនតែម្តង។

គិតមកទល់ពេលនេះ រដ្ឋាភិបាលវៀតណាមបានលើកលែងទិដ្ឋាការរយៈពេល៣ខែ ចំពោះភ្ញៀវទេសចរមកពីបណ្តាប្រទេសចំនួន២៥ ខណៈម៉ាឡេស៊ីបានលើកលែងទិដ្ឋាការ ដល់ពលរដ្ឋមកពីបណ្តាប្រទេសចំនួន១៦២។

ចំណែក ប្រទេសសិង្ហបុរីបានលើកលែងទិដ្ឋាការ ដល់ពលរដ្ឋមកពីបណ្តាប្រទេសចំនួន១៥៧ ខណៈហ្វីលីពីនបានលើកលែងទិដ្ឋាការដល់ពលរដ្ឋ មកពីបណ្តាប្រទេសចំនួន៦៨ រីឯ ប្រទេសថៃវិញ បានលើកលែងទិដ្ឋាការ ដល់ពលរដ្ឋមកពីបណ្តាប្រទេសចំនួន៦៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here