យន្តហោះផលិតដោយប្រទេសចិនប្រភេទC919 គ្រោងនឹងបង្ហាញខ្លួននៅកម្ពុជា ជាលើកទី១ក្នុងពេលឆាប់ៗនេះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមសារពត៌មាន Reuters បានចុះផ្សាយថា ក្រុមហ៊ុនផលិតយន្តហោះចិន COMAC គ្រោងនឹងធ្វើការបង្ហាញយន្តហោះC919 និងយន្តហោះARJ21 របស់ខ្លួន នៅក្នុងបណ្តាប្រទេសអាស៊ានចំនួន៥។

ក្រុមហ៊ុន COMAC ដែលមានទីស្នាក់ការកណ្តាល នៅទីក្រុងសៀងហៃ បានបញ្ជាក់ឱ្យដឹង តាមរយៈសេចក្តីថ្លែងការណ៍មួយថា “ក្នុងរយៈពេល២សប្តាហ៍ខាងមុខ យន្តហោះC919 និងយន្តហោះ ARJ21 នឹងបើកដំណើរការហោះហើរ នៅក្នុងប្រទេសកម្ពុជា វៀតណាម ឡាវ  ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី”។

ដំណឹងនេះត្រូវបានប្រកាស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរ C919 បានធ្វើដំណើរទៅដល់ប្រទេសវៀតណាម កាលពីថ្ងៃចន្ទម្សិលមិញ ដើម្បីចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍យន្តហោះ បន្ទាប់ពីកម្មវិធីតាំងពិព័រណ៍ Singapore Airshow នៅប្រទេសសិង្ហបុរី បានបញ្ចប់កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ។

យន្តហោះទាំងពីរគ្រឿងនេះ ត្រូវបានដាក់តាំងបង្ហាញនៅក្នុងកម្មវិធី Singapore Airshow កាលពីសប្តាហ៍មុន ដែលជាការបង្ហាញខ្លួនលើកដំបូងបង្អស់ នៅខាងក្រៅទឹកដីចិន នៃយន្តហោះប្រភេទC919។

យន្តហោះ C919 គឺជាប្រភេទយន្តហោះដឹកអ្នកដំណើរ ដែលមានតួខ្លួនតូចចង្អៀត និងមានសមត្ថភាពផ្ទុកអ្នកដំណើរចំនួន១៩២នាក់។ យន្តហោះនេះ ត្រូវបានគេមើលឃើញថា ជាដៃគូប្រជែងរបស់យន្តហោះ Boeing និងយន្តហោះAirbus របស់ប្រទេសលោកខាងលិច។

ក្រុមហ៊ុនផលិតយន្តហោះចិន Comac បានបញ្ជាក់បន្ថែមថា “គោលបំណងចម្បង នៃការហោះហើរទាំងនេះ គឺដើម្បីបង្ហាញពីដំណើរការល្អនៃយន្តហោះរបស់យើង និងជាមូលដ្ឋានគ្រឹះសម្រាប់ការពង្រីកទីផ្សារនាពេលអនាគតនៅក្នុងតំបន់អាស៊ាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here