ដំណឹងល្អ: កម្ពុជាឈ្នះពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេប្រចាំតំបន់អាស៊ីជាថ្មីម្តងទៀត

0

ដោយៈ គង់ លាងហួរ

ភ្នំពេញ: យោងតាមគេហទំព័រក្រសួងទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី២៨ ខែកុម្ភៈនេះថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី១ ក្នុងនាមជាគោលដៅទេសចរណ៍ បែបវប្បធម៌ល្អជាងគេ នៅតំបន់អាស៊ីជាថ្មីម្តងទៀត សម្រាប់ឆ្នាំ២០២៣។

ក្រសួងទេសចរណ៍លើកឡើងថា “សមិទ្ធិផលដ៏គួរឱ្យកត់សម្គា​ល់នេះ បានបញ្ជាក់សារជាថ្មីអំពីភាពទាក់ទាញរបស់កម្ពុជា ជាគោលដៅទេសចរណ៍ ដែលត្រូវតែទៅទស្សនា សម្រាប់អ្នកមានចំណាប់អារម្មណ៍អំពីវប្បធម៌”។

យោងតាមគេហទំព័រ World Travel Award បានបញ្ចេញរបាយការណ៍មួយ កាលពីពេលថ្មីៗនេះថា “ឆ្នាំ២០២៣ គឺជាឆ្នាំទី២ ដែលកម្ពុជាបន្តឈ្នះបានពានរង្វាន់ ក្នុងនាមជាប្រទេសដែលមានគោលដៅទេសចរណ៍ បែបវប្បធម៌ល្អជាងគេបំផុតទី១ ប្រចាំតំបន់អាស៊ី ខណៈកាលពីឆ្នាំ២០២២ កម្ពុជាក៏ឈរនៅលំដាប់កំពូលតារាង និងទទួលបានពានរង្វាន់ ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេរបស់តំបន់អាស៊ីផងដែរ” ។

កាលពីឆ្នាំ២០២២ កម្ពុជាមិនត្រឹមតែកាន់កាប់តំណែងជាប្រទេ​ស ដែលមានគោលដៅទេសចរណ៍វប្បធម៌ ល្អបំផុតប្រចាំតំបន់អាស៊ីប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាក៏បានឈ្នះពានរង្វាន់ ជាប្រទេសដែលមានគោលដៅទេសចរណ៍យុវជន ឈានមុខគេប្រចាំតំបន់អាស៊ីផងដែរ។

ចំណែកឯ គោលដៅទេសចរណ៍ ដែលមានភាពល្បីល្បាញខ្លាំងជាងគេ និងតំណាងឱ្យកេរ្តិ៍ឈ្មោះកម្ពុជា រួមមានប្រាសាទអង្គរវត្ត និងតំបន់ឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតនៅខេត្តព្រះសីហនុ ខណៈដែលកាលពីឆ្នាំ២០២៣កន្លងទៅ កម្ពុជាទាក់ទាញបានភ្ញៀវទេសចរអន្តរជាតិជាង៥,៤៥លាននាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here