ដោយ វុត្ថា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍បានអះអាងថា ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត គឺជាច្រកទ្វារព្រំដែនគោក និងជាច្រកសេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការផ្លាស់ប្តូរទំនិញកម្ពុជា -ថៃ ពិសេសភ្ញៀវទេសចរគ្រប់ជាតិសាសន៍ បានឆ្លងកាត់ចូលមកកម្ពុជា តាមរយៈច្រកទ្វារខាងលើ។
ជាក់ស្តែងក្នុងរយៈពេល១២ខែ ឆ្នាំ២០១៨ ភ្ញៀវទេសចរបរទេសចូលមក តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតមានចំនួន៤៥៦,៤៤១នាក់ និងមាន៩៥សញ្ជាតិ។ក្នុងនោះភ្ញៀវទេសចរត្រលប់ទៅវិញមានចំនួន៤៧២,៩៨៩នាក់។
លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំបូកសរុបការងារសម្រួលដំណើរ និងដឹកជញ្ជូនភ្ញៀវ និងអ្នកដំណើរនៅតំបន់ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ប្រចាំឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្តកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ម្សិលមិញនេះដោយបានជំរុញ ដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធត្រូវពង្រីងលើការងារសន្តិសុខ សណ្តាប់ធ្នាប់ នៅតំបន់ច្រកព្រំដែន ដើម្បីធានាដល់អ្នកទេសចរដែលចូលមកកម្ពុជាមានទំនុកចិត្ត លើកិច្ចការការពារ សន្តិសុខ សណ្តាប់ធ្នាប់ជូនពួកគាត់។