ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការឈាមរបស់អ្នកជំងឺ និងចូលរួមលើកកម្ពស់សេវាសុខភាព ក្រុមហ៊ុន ប៉េង ហួត គ្រុប បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរសម្រាកព្យាបាល សុខាសា ឡងជីវិធី រៀបចំព្រឹត្តិការណ៍បរិច្ចាគឈាមសង្គ្រោះជីវិតដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្ដីស្រឡាញ់” ក្នុងគោលបំណងប្រមូលឈាមបម្រុងផ្ដល់ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល ដើម្បីយកទៅបន្តផ្ដល់ទៅមន្ទីរពេទ្យនានាសម្រាប់ព្យាបាលអ្នកជំងឺដែលកំពុងសង្រ្គោះបន្ទាន់។
ព្រឹត្តិការណ៍នេះត្រូវបានប្រព្រឹត្តឡើងនៅទីតាំងមន្ទីរសម្រាកព្យាបាល សុខាសា ឡងជីវិធី ជាន់ផ្ទាល់ដី ខុនដូ ដឹស្តា ប៉ូឡារីស ២៣ ស្ថិតក្នុងបុរី ប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម (បឹងស្នោ) នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
-->
ឈាមមានប្រភពតែមួយគត់គឺពីមនុស្ស រហូតមកដល់ពេលនេះមិនទាន់មានរោងចក្រណាផលិតឈាមបានទេ។ យោងតាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាម តម្រូវការឈាមក្នុងឆ្នាំ២០២៣ កន្លងមកនេះ យើងត្រូវការឈាមមួយប្លោករៀងរាល់ ៥នាទីម្ដង ដើម្បីជួយសង្រ្គោះជីវិតអ្នកជំងឺ។ តម្រូវការឈាមប្រចាំថ្ងៃសរុបមាន ៣០០ ទៅ ៣៥០ប្លោក នៅរាជធានីភ្នំពេញ។
តម្រូវការទូទាំងប្រទេសមានប្រមាណជិត ១៤ម៉ឺនប្លោក/១ឆ្នាំ ហើយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានធានាការផ្គត់ផ្គង់ ៧៥% នៃតម្រូវការឈាមទូទាំងប្រទេស។ ប៉ុន្តែការទទួលអំណោយឈាមតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្តមិនទទួលកម្រៃឆ្លើយតបបានតែ ១៩.៥% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ខណៈដែលប្រទេសជិតខាងការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី ៩០% នៃតម្រូវការ នេះបើយោងតាមទិន្នន័យរបស់ អង្គការសុខភាពពិភពលោក (WHO)។

ដូច្នេះការបរិច្ចាគឈាមរបស់បងប្អូនសប្បុរសជន គឺជាការធ្វើអំណោយទានសម្រាប់ជីវិតដល់អ្នកជំងឺដែលកំពុងសង្រ្គោះបន្ទាន់ក្នុងមន្ទីរពេទ្យឱ្យរស់រានមានជីវិតបន្តទៀត។
ស្របតាមសសរស្តម្ភទាំង៣របស់ ប៉េង ហួត គ្រុប ពោលគឺ “ការអប់រំ បរិស្ថាន និងសង្គម” ខណៈព្រឹត្តិការណ៍បរិច្ចាគឈាមក្នុងថ្ងៃនេះគឺជាការងារសង្គមនៃបង្គោលទី៣ ផ្ដោតលើការរួមចំណែកលើកកម្ពស់សុខុមាលភាព ដែលរួមមានការ បរិច្ចាគថវិការៀងរាល់ឆ្នាំដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ ការបរិច្ចាគថវិកាទិញវ៉ាក់សាំង និងផ្ដល់ជាទីតាំងសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ការបរិច្ចាគថវិកាសាងសង់មន្ទីរពេទ្យកាល់ម៉ែត និងការដឹកនាំយុទ្ធនាការស្ម័គ្រចិត្តបរិច្ចាគឈាម។ល។

ជាមួយគ្នានេះការងារសង្គមនៃបង្គោលទី៣នេះក៏ផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅ ការកាត់បន្ថយភាពក្រីក្រ ការយកចិត្តទុកដាក់បរិច្ចាគដល់កន្លែងដែលមានជីវភាពខ្វះខាតដូចជា មនុស្សចាស់ជរាគ្មានទីពឹង កុមារកំព្រា-ក្រីក្រជាដើម៕