ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាពន្យល់ទៅកាន់ប្រជាពលរដ្ឋថា កម្ពុជាមិនឲ្យចិនមកត្រួតត្រានៅលើទឹកដីប្រទេសកម្ពុជានោះទេ ខណៈដែលទំហំពាណិជ្ជកម្មរបស់ចិន នៅក្នុងប្រទេសកម្ពុជាបានឈរនៅលំដាប់លេខរៀងទី១ ក្នុងចំណោមប្រទេសជាច្រើន។
សម្តេចតេជោ ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ«មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» តម្លៃជិត៥០លានដុល្លារនៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១ មីនា ឆ្នាំ ២០១៨ នេះថា “កម្ពុជាមិនអនុញ្ញាតអោយចិនមកត្រួតត្រាកម្ពុជានោះទេ ហើយចិនក៏មិនចង់មកត្រួតត្រាកម្ពុជានោះដែរ គឺមិត្តចិនគេមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសយើង ដើម្បីរួមចំណែកជួយអភិវឌ្ឍប្រទេសអោយកាន់តែរីកចម្រើនទៅមុខ”។ សម្តេចបន្តថា “មិត្តចិនគេគោរពបូរណភាព និងអធិបតេយ្យភាពកម្ពុជាយើងណាស់”។
ជាមួយគ្នានេះសម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលជានិច្ចកាលតែងតែជួយប្រទេសកម្ពុជាលើការកសាងសមិទ្ធផលជាតិជាច្រើន រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន មន្ទីរពេទ្យ និងវិស័យផ្សេងៗ ជាច្រើនទៀត។ បច្ចុប្បន្ននេះ វិនិយោគគិនចិនគឺជាអ្នកមកវិនិយោគធំជាងគេនៅក្នុង ប្រទេសកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងផ្តល់ការងារដល់ពលរដ្ឋកម្ពុជាយ៉ាងច្រើនទៀតផង។
សម្តេចតេជោបន្តថា “ទំនាក់ទំនងកម្ពុជា និងចិនជាទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយប្រជាជនមានទំនាក់ទំនងកាន់តែល្អ”។សម្តេចបន្ថែមថា” គ្មានអ្វីដែលខុសទេ ក្នុងការស្វែងរកទំនាក់ទំនងគ្រប់ប្រទេសទាំងអស់លើពិភពលោក។ តែអ្វីដែលកម្ពុជាត្រូវការគឺមិត្តចេះជួយគ្នា គោរពគ្នា ជាពិសេសគោរពអធិបតេយ្យរបស់កម្ពុជា”។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឈរលើទំនាក់ទំនងជាមួយចិន ដែលបាននាំមកដោយសម្តេច នរោត្តម សីហនុ និងថែទាំដោយព្រះមហាក្សត្រខ្មែរនាពេលបច្ចុប្បន្ន បាននាំមកនូវការរីកចម្រើននូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ និងអគារផ្សេងៗ។ ទំនាក់ទំនងនេះ ក៏បាននាំមកនូវការវិនិយោគផ្សេងៗ ដែលផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរមិនតិចជាងកន្លះលាននាក់នោះទេ។ បន្ថែមពីលើនោះចិន បានសាងសង់វារីអគ្គិសនីជាច្រើនថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រូវការទាំងជំនួយ កម្ចីសម្បទាន និងចង់បានអ្នកវិនិយោគមកកម្ពុជាផងដែរ ខណៈនៅលើពិភពលោកប្រទេសណាក៏ត្រូវការវិនិយោគពីបរទេសផងដែរ តែជាការចម្លែកណាស់សម្រាប់ពលរដ្ឋកម្ពុជាមួយចំនួន ដែលអ្នកវិនិយោគចិនចូលមកវិនិយោគ និងអភិវឌ្ឍន៍នៅកម្ពុជាហើយ សម្តេចខំទាក់ទាញអ្នកវិនិយោគចិនមកកម្ពុជា បែរជាចង់ដេញគេទៅវិញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលើកឡើងក្នុងបំណងបន្ទុចបង្អាក់ការវិនិយោគចិននៅកម្ពុជា គឺជាកំហុសនយោបាយក្រៅប្រទេស និងការទាក់ទាញវិនិយោគពីបរទេសមកអភិវឌ្ឍន៍នៅកម្ពុជា។ សម្តេចតេជោ បន្ថែមថា កម្ពុជាមិនមែនស្វាគមន៍តែការវិនិយោគរបស់ចិននោះទេ គឺកម្ពុជាស្វាគមន៍អ្នកវិនិយោគមកពីគ្រប់ប្រទេសទាំងអស់។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា បច្ចុប្បន្នការវិនិយោគរបស់ចិន មិនមែនមានតែនៅកម្ពុជាទេ នៅវៀតណាម និងអាមេរិកឡាទិន ក៏មានការវិនិយោគរបស់ចិនយ៉ាងច្រើនផងដែរ ព្រោះចិនជាប្រទេសអ្នកមាន និងជាមោទនភាពមួយដែលកម្ពុជាមានមិត្តមួយ ដែលបានជឿទុកចិត្ត និងចូលមកអភិវឌ្ឍន៍នៅកម្ពុជា។
បន្ថែមពីនេះ ចិនក៏ជាទីផ្សារដ៏ធំផងដែរសម្រាប់កម្ពុជា ហើយត្រូវប្រឹងបន្ថែមទៀត ក្នុងការបើកទីផ្សារនៅក្នុងប្រទេសចិន ដោយសម្តេចបានប្រាប់រដ្ឋមន្ត្រីកសិកម្ម ឲ្យប្រើទីផ្សារចិន៤០ម៉ឺនតោន និងវៀតណាម៣០ម៉ឺនតោន ដើម្បីដោះស្រាយបញ្ហាធ្លាក់ថ្លៃស្រូវនៅកម្ពុជា៕