ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមបច្ចេកវិទ្យាដំណាក់កាលទី១មានអាជីវកម្មចំនួន៣៣.៩៨៦ បានចុះបញ្ជី ជាមួយនឹងដើមទុនវិនិយោគ១០,២២ ពាន់លានដុល្លារ។
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈអាជីវកម្មសរុបចំនួន៣៣.៩៨៦ ដែលមានដើមទុនវិនិយោគចំនួន១០,២២ ពាន់លានដុល្លារបានចុះបញ្ជីជាមួយនឹងប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមបច្ចេកវិទ្យា (Single Portal Phase I)។
-->
ប្រព័ន្ធនេះបានបម្រុងទុកចំនួន១៨.៣៨២ នៃឈ្មោះក្រុមហ៊ុន ដោយបន្ថែមថា ពាក្យរបស់ក្រុមហ៊ុនចំនួនពីរត្រូវបានបដិសេធ។
ប្រភពដដែលបានបន្តថា វិស័យសំណង់នាំមុខគេចំនួប១១,៣ ភាគរយនៃការវិនិយោគសរុប បន្ទាប់មកអចលនទ្រព្យ១០,៣៥ ភាគរយ សេវាស្នាក់នៅ៩,៨៨ភាគរយ សេវាប្រឹក្សា៥,៨៧ភាគរយ និងវិស័យផលិតកម្ម៥,៣១ ភាគរយ និងវិស័យចម្រុះមាន ៥៧,២៩ ភាគរយ។

អាជីវកម្មដែលបានចុះបញ្ជីគ្រប់គ្រង ដោយស្ត្រីមានចំនួន៣៨ ភាគរយនៃអាជីវកម្មសរុប។
ក្រសួងបានអោយដឹងទៀតថា រហូតមកដល់ពេលនេះ ការបង្កើតប្រព័ន្ធ ចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ បានរួមចំណែកកាត់បន្ថយនីតិវិធីពេលវេលា និងការចំណាយក្នុងការចុះបញ្ជីអាជីវកម្ម និងផ្តល់ភាពងាយស្រួល ក្នុងការរៀបចំអាជីវកម្ម ស្របច្បាប់របស់វិស័យឯកជននៅកម្ពុជា។
បើកដំណើរការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ប្រព័ន្ធនេះបានរួមបញ្ចូលការចុះបញ្ជីពាណិជ្ជកម្ម ជាមួយក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីពន្ធជាមួយអគ្គនាយកដ្ឋានពន្ធដារ និងការចេញវិញ្ញាបនបត្របើកសហគ្រាសនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ដំណាក់កាលទីII ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ និងដំណាក់កាលទីIII នៅខែមិថុនា ឆ្នាំ២០២៣ ៕